ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៦:៣៩ នាទី ល្ងាច
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលមានការចូលរួមពីមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត និងវិស័យឯកជនពាក់ព័ន្ធចំនួន ៧០នាក់។
ថ្លែងក្នុងពិធីបើក លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យប្រទេសកម្ពុជាមានកាតព្វកិច្ចដាក់ចេញនូវវិធានពាណិជ្ជកម្មជាក់លាក់ ដែលអនុលោមទៅតាមវិធានពាណិជ្ជកម្ម ក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ហេតុដូចនេះប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ បទប្បញ្ញត្តិដែលមានស្រាប់ និងត្រូវបង្កើតច្បាប់ បទប្បញ្ញតិ្តថ្មីៗ ជាច្រើនទៀតក្នុងការបំពេញតាមលក្ខខណ្ឌសមាជិកភាពរបស់ខ្លួន ដើម្បីអាចឱ្យប្រទេសកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោកប្រកបដោយតម្លាភាព។
លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងថា ការបង្កើតឱ្យមាននូវច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ ក្នុងនីតិកាលទី៣នៃរដ្ឋសភា គឺជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីទាក់ទាញការវិនិយោគ តាមរយៈការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលដល់វិស័យឯកជនមកពីគ្រប់ជាតិសាសន៍អាចធ្វើការប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត និងមានតម្លាភាព។ ជាការពិត បើនិយាយក្នុងក្របខ័ណ្ឌសកលលោក នៅពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬលំហូរវិនិយោគកាន់តែកើនឡើង វិវាទផ្នែកពាណិជ្ជកម្មក៏កាន់តែច្រើនឡើងៗផងដែរ។ វិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពដែល បានកើនឡើងពី ២៥ករណី នៅឆ្នាំ១៩៩៥ រហូតដល់ ប្រមាណជាង៦០៧ករណី គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ ដែលតម្រូវឱ្យមានការពិគ្រោះយោបល់ និងដោះស្រាយវិវាទក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ WTO។
លោកជំទាវអនុរដ្ឋលេខាធិការ បន្តថា ចំពោះកម្ពុជាវិញ ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យគត់សម្គាល់ ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ ដើម្បីដោះស្រាយនូវវិវាទនេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(ម.ជ.ម) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដែលជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតែមួយគត់នៅកម្ពុជា មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការប្រកបដោយអព្យាក្រិតភាព មនសិការ មិនរងឥទ្ធិពល និងមានប្រសិទ្ធិភាពខ្ពស់។ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន ៣២ ករណី ដែលមានទំហំទឹកប្រាក់ច្រើនជាង ៩១ លានដុល្លារអាម៉េរិក។
នៅកិច្ចបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជក់ថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ ក្រុមហ៊ុន ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ ២០២១ មានត្រឹម ៧,៦៧៧ ក្រុមហ៊ុន កើនឡើង ៣៩.៣៩%។ ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។ ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឱ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។
គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានសហការគ្នារៀបចំសិក្ខាសាលាស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដើម្បីបញ្ជ្រាបការយល់ដឹងអំពីយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការជូនមន្រ្តីរាជការ និងវិស័យឯកជន បានចំនួន ៤ដងរួចមកហើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣