ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៩:៣១ នាទី ព្រឹក
👁 1
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម រីខាដូ អេសស្តានីសឡាវ ម៉ូរ៉ូត ខាណាឡេស (Ricardo Estanislao Morote Canales) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប៉េរូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងកំឡុងពេលដែលឯកអគ្គរដ្ឋទូតអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតំាងចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ ជាពិសេសការអញ្ជើញមកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីក៏បានសំដែងការអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីស្តីទី មានទំនុកចិត្តថា ទំនាក់ទំនងកម្ពុជា និងប៉េរូនឹងកាន់តែរឹងមាំលើគ្រប់វិស័យ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបលោក។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីផលិតផលពាណិជ្ជកម្ម ដែលប្រទេសប៉េរូបាននាំចេញ-នាំចូល ក៏ដូចជាបានចែករំលែកបទពិសោធន៍នៃការផលិតខ្លះៗផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យប្រកបដោយសុខភាពល្អ និងកម្លាំងមាំមួននាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងធ្វើការផ្សព្វផ្សាយដល់វិនិយោគិនប៉េរូឱ្យមកទស្សនាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣