លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាព​ក្នុងពិធីបើក​វគ្គ​បណ្តុះ​បណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៦:២០ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃភស្តុភារ​កម្ម និងខ្សែ​ច្រវាក់ផ្គត់ផ្គង់ដែលបានរៀបចំឡើងដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និងស្រាវ​ជ្រាវ សហការ​ជាមួយសមាគម​ភស្តុភារកម្មកម្ពុជាដោយមានការចូល​​រួមពីសិក្ខាកាម ដែលជាមន្រ្តី​រាជការ​នៃក្រសួង​ពាណិជ្ជកម្ម មន្ទីរ​ពាណិជ្ជកម្ម​រាជធានី-ខេត្តក្រុងទាំង២៥និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន សរុបចំនួន​៧០​នាក់។

ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវអនុរដ្ឋលេខាធិការ​បានគូសបញ្ជាក់ថា វិស័យភស្តុភារ​កម្ម និងខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរី​ទាន់​ពេល​វេលានិងជំរុញ​សកម្ម​ភាព​​​ពាណិជ្ជ​កម្ម​ឱ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹក​ជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយ​នៃចំណាយ​ពាណិជ្ជកម្ម ដែលបានរួមចំណែក​១៥%​ចំពោះ​ទំនិញកសិកម្ម​ និង​៣១%​ចំពោះទំនិញ​ឧស្សាហកម្ម នេះ​បង្ហាញថាវិស័យភស្តុភារកម្ម និងការ​គ្រប់គ្រង​ខ្សែច្រវាក់ផ្គត់ផ្គង់​មានផលប៉ះពាល់​ធំធេងទៅលើ​ភាព​ប្រកួតប្រជែង និងការចូលរួមទៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុ​ងពិភពលោក។

លោកជំទាវបានបន្តទៀតថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើង គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋា​ភិ​បាល​កម្ពុជា ដែល​កំពុង​ខិតខំប្រឹងប្រែងកែលម្អវិស័យភស្តុភារកម្ម ដូចដែលបានឆ្លុះបញ្ចាំងក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ធាភិបាល ដែលបានផ្តល់អាទិភាពលើការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងតំបន់។ ក្នុងឋានៈ​ជាសមាជិកនៃសហគមន៍​សេដ្ឋកិច្ចអាស៊ាន​ ជាសមាជិកនៃកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាននិងដៃគូ ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាសិប និងជាសមាជិក​នៃកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេរភាគី (CCFTA and​ CKFTA) កម្ពុជាចាំបាច់ត្រូវធ្វើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​របស់​ខ្លួនឱ្យកាន់តែសំបូរបែប និងមាន​ការ​គាំទ្រ​​ការ​អភិវឌ្ឍ​វិស័យ​ភស្តុភារ និង​ឧស្សាហកម្ម​នៅ​កម្ពុជា​រួមមាន៖

១-ធ្វើបរិវត្កម្មប្រព័ន្ធដឹកជញ្ជូនឱ្យបានទូលំទូលា​យ​ មានគុណភាពខ្ពស់ ធន់នឹងការប្រែប្រួល​អាកាសធាតុ និងប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០៣០

២-ដើម្បីពង្រឹងសមាហរណកម្មតំបន់ក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈប្រព័ន្ធដឹកជញ្ជូន​សម្បូរណ៍បែប​ និងការតភ្ជាប់ខ្ពស់ក្នុងមហាអនុតំបន់មេគង្គ (GMS)

៣-ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មតាមរយៈបណ្តាញផលិតកម្មដ៏រឹងមាំ ធ្វើឱ្យ​ប្រសើរ​ឡើងនូវបណ្តាញដឹកជញ្ជូននិងមជ្ឈមណ្ឌលចែកចាយប្រសិទ្ធភាពខ្ពស់ និងការដឹកជញ្ជូន​ពហុ​មធ្យោបាយ ។

៤-ធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនិងការដឹកជញ្ជូនទំនិញ​ប្រកប​ ដោយ​ប្រសិទ្ធភាព ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្ម​អាកាស​ចរណ៍ស៊ីវិល។

៥-បង្កើនការប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្ម តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង​សេវា​កម្ម​ប្រកប​ដោយគុណភាពខ្ពស់ ពហុកម្ម និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​ផ្សេងៗ។

លោកជំទាវក៏បានមានប្រសាសន៍ទៀតថា តាមរយៈការកែលំអហេដ្ឋារចនា​សម្ព័ន្ធ ដូចជាផ្លូវ​ល្បឿន​លឿន អាកាសយាន្ដដ្នានអន្តរជាតិ កំពង់ផែ និងឃ្លាំងស្តុកទុកទំនិញ តាមប្រភពពី​ធនាគារ​ពិភពលោក(WB) បានព្យាករណ៍ថានៅឆ្នាំ២០៣០ ការផ្លាស់ប្តូរទំនិញរបស់​ក្រុមហ៊ុន​​កម្ពុជានឹង​កើន​ឡើង ៤,១ដង ចំណែកការនាំចេញទំនិញមានទឹកប្រាក់ចំនួន ១០,១ ប៊ីលានដុល្លារនៅឆ្នាំ ២០១៦ នឹងកើនឡើងដល់ ៤១,៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ គឺកើនឡើង ៣១,៤ ប៊ីលានដុលារ។ តាមរយៈ​កំណើននេះ វិសយប្រពៃណីមួយចំនួនដូចជា អង្ករ កៅស៊ូ វិស័យវាយ​នណភ័ណ្ឌកាត់ដេរ​នឹងនៅតែបន្តរឹងមាំជាមួយ និងការពង្រីកការធ្វើពិពិធកម្មតម្លៃបន្ថែមកាន់តែខ្ពស់​ ដោយប្រើប្រាស់​ជំនាញ​កាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធិភាព ។ ចំណែកផលិតផល​ក្នុងស្រុកសរុបពីវិស័យ​ដឹកជញ្ជូន​កម្ពុជានៅឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩២៧,៩៥ លានដុល្លារ បើប្រៀបធៀបទៅ​នឹងឆ្នាំ​២០២០ ដែលមានចំនួនទឹកប្រាក់ចំនួន ៩០២,៧៧ លានដុល្លារ កើនឡើង ២៥,១៨ លាន​ដុល្លារ ស្មើនិង ៣% នេះបើតាមស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិកម្ពុជា។

គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការជាមួយ​សមា​គម​​ភស្តុភារកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យភស្តុភារកម្មនេះបានចំនួន ៦ វគ្គរួច​មក​ហើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ