ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៤:៤៩ នាទី រសៀល
👁 2
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Centre) ដែលដឹកនាំដោយ ឯកឧត្តម SHI Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន និងទំនាក់ទំនងកម្ពុជា-ចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិន នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិន សម្រាប់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការនានា ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា រួមមាន ការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម SHI Zhongjun បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផលការងារនាពេលកន្លងមក ព្រមទាំងបានជម្រាបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់មជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់ឆ្នាំ២០២៣ ដែលផ្តោតសំខាន់លើ (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព (២) ការរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន និងការរៀបចំព្រឹត្តិការណ៍ពង្រីកបណ្តាញធុរកិច្ចអាស៊ាន-ចិន និង(៣) ការរៀបចំសិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបញ្ជាក់ពីគម្រោងអាទិភាពរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម សម្រាប់គម្រោងអាទិភាពខាងលើ ព្រមទាំងបានអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជានិងក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមនិងផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធិលើវិស័យពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន និងកម្ពុជា-ចិន នាពេលខាងមុខផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍ និងគាំទ្រចំពោះគម្រោងអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ដែលជាគម្រោងល្អៗនិងផ្តល់អត្ថប្រយោជន៍ជូនប្រជាជនក្នុងតំបន់អាស៊ាននិងចិន។ ជាពិសេស ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ភាគីចិន ដែលបានគិតគូរនិងផ្តល់ការយកចិត្តទុកដាក់ដល់កម្ពុជាតាមរយៈគម្រោងអាទិភាពរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន។ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនផងដែរ អំពីការវិវឌ្ឍថ្មីៗ សក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជា និងបានជំរុញវិនិយោគិនចិនឱ្យបន្តមកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនៅកម្រិតតំបន់ ក៏ដូចជានឹងខិតខំពង្រឹង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ រវាងកម្ពុជានិងចិនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣