ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ម៉ោង ០៦:០៦ នាទី ល្ងាច
👁 17
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធវីឌីអូជូន (Zoom) ទៅថ្នាក់ដឹកនាំ ប្រធានមន្ទីរ មន្ត្រី និងនិសិ្សតប្រមាណ ២៦០នាក់ ក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយសមាសភាគទាំង ១០ជំពូក និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខណ្ឌតាមដាន តបតាមការស្នើសុំពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមអរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញចូលរួមបកស្រាយ និងពន្យល់ពីយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខណ្ឌតាមដាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីវឌ្ឍនភាពសំខាន់មួយចំនួនក្នុងការអភិវឌ្ឍវិស័យយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា រួមមាន ការរៀបចំក្របខណ្ឌច្បាប់អ៊ីនធឺណិត (Cyber Law) ច្បាប់ការពារទិន្នន័យឯកសិទិ្ធ (Personal Data Protection Law) និងអនុក្រឹត្យស្តីពីធុរកិច្ចថ្មីឌីជីថល (Digital Startup)។ ជាកិច្ចឆ្លើយតប លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់មតិយោបល់ក្នុងការរៀបចំយុទ្ធសាស្ត្រតាំងពីដំណើរការចាប់ផ្តើម។
សិក្ខាសាលានេះបានបកស្រាយ និងពន្យល់ពីចំណុចសំខាន់ៗ ដូចជា ១)យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក២) ទិដ្ឋភាពច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងស្រុក តំបន់ និងពិភពលោក និង៣) យន្តការអនុវត្ត និងតាមដានយុទ្ធសាស្ត្រពាណិជ្ជកម្មនេះ។ ជាកិច្ចបញ្ចប់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើសុំកិច្ចសហការក្នុងការជំរុញការអនុវត្តក្របខណ្ឌតាមដានយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានទំនួលខុសត្រូវ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣