ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៣:៥៣ នាទី រសៀល
👁 0
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងអរគុណចំពោះវត្តមានថ្នាក់ដឹកនាំ ជំនាញការអន្តរជាតិ លោក Edmund Sim និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងក្នុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាង ដើម្បីទទួលបានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងពីសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការជាតិស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដែលអាចឈានដល់អនុវត្តច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ក្នុងការធានា និងការពារផលប្រយោជន៍ជូនឧស្សាហកម្មក្នុងស្រុក ស្របពេលនៃការវិវត្តដ៏ឆាប់រហ័ស និងភាពមិនអាចប៉ាន់ស្មានបាននៃពាណិជ្ជកម្មអន្តរជាតិ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យរួចរាល់លើសេចក្តីព្រាងអនុក្រឹត្យនេះ ត្រឹមកម្រិតក្រសួងពាណិជ្ជកម្ម។ ជំហានបន្ទាប់ សេចក្តីព្រាងនេះនឹងត្រូវពិនិត្យនៅកម្រិតកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។
នៅកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានជំរុញនិងលើកទឹកចិត្តដល់ជំនាញការ និងមន្ត្រីជំនាញបន្តសហការអនុវត្តលើកិច្ចការនេះ ដើម្បីជំរុញ និងផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មឱ្យពេញលេញ សំដៅដល់ការការពារផលប្រយោជន៍ឧស្សាហកម្មក្នុងស្រុក, បំពេញកាតព្វកិច្ចរបស់កម្ពុជាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងជាពិសេសអាចទាក់ទាញការវិនិយោគមកកម្ពុជាកាន់តែសម្បូរបែប៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣