ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡាន ធានលី អភិបាលខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១០:៤៦ នាទី យប់

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភោគីត្រារាជធានីភ្នំពេញ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡាន ធានលី អភិបាលខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តក្វាងស៊ី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងខេត្តក្វាងស៊ីផង និងដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី២០ ដោយផ្ទាល់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ផង។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឡាន ធានលី និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីខួបអនុស្សាវរីយ៍លើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងបានជម្រាបជូនភ្ញៀវពីចំណងមិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា តាមរយៈចំណងមិត្តភាពនេះ ភាគីទាំងពីរ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយ កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (The Silk Road Economic Belt and The 21st Century Maritime Silk Road) របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ២០១៦ កន្លងមក។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការកសាងធនធានមនុស្ស  ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការការពារបរិស្ថាន ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ កន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលតាមការរំពឹងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី ដោយនៅក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹកប្រាក់ចំនួន ១.៩៧០ លានយន់ កើនឡើង ៨៨.២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១.៨៦០ លានយន់ កើនឡើង ៨៨.៥% រីឯ កម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០ លានយន់ កើនឡើង ៨៥.៣%។  គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ ក្រុមហ៊ុន។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន៖ គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន៖ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។ល។

ទាក់ទងនឹងការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន (China-ASEAN EXPO) ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានជម្រាបជូន ឯកឧត្តមអភិបាលខេត្ត ថា កម្ពុជាបានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ជាលើកដំបូងនៅឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ នេះ គឺបានចូលរួមចំនួន ២០ លើករួចមកហើយ និងបានធ្វើជាប្រទេសកិត្តិយសតាមការឆ្លាស់វេនគ្នា ចំនួនពីរលើក គឺនៅឆ្នាំ២០០៨ និងនៅឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាមួយប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ បានចំនួន ១១លើក ហើយក្នុងអំឡុងពេលកូវីដ-១៩ បានចូលរួមថ្លែងសុន្ទរកថាតាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធ បានចំនួន៣លើក សរុបបានចំនួន ១៩លើក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការកៀរគរក្រុមហ៊ុនឯកជនឱ្យបានច្រើនទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងណាននីង ហើយក្នុងអំឡុងពេលពិព័រណ៍ ក្រសួងក៏នឹងមានរៀបចំ វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់ភាគីមិត្តចិនផ្តល់ការគាំទ្រ និងជួយជំរុញឱ្យពាណិជ្ជករ សមាគមអាជីវកម្មចិន នៅខេត្តក្វាងស៊ី ចូលរួមក្នុងវេទិកាខាងលើឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីកាលានុវត្តភាពនៃការធ្វើជំនួញនៅកម្ពុជា។  

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ឯកឧត្តម ឡាន ធានលី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី២០ និងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនដែលរៀបចំក្នុងអំឡុងពេលពិព័រណ៍។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅចូលរួមវេទិកាសេដ្ឋកិច្ច និងវិនិយោគចិន-អាស៊ាននាឱកាសនោះផងដែរ។បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំប្រតិភូពាណិជ្ជករចិន មកចូលរួមវេទិកាធុរកិច្ច និងវិនិយោគ និងកម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម ជាមួយពាណិជ្ជករកម្ពុជា ដែលរៀបចំនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែលភោគីត្រារាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១៦០នាក់ និងបាននាំយកអំណោយជាសម្ភារៈមួយចំនួនគិតជាទឹកប្រាក់ប្រមាណ ១,៥ លានយន់ ជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ