ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១០:២០ នាទី យប់
👁 1
(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កម្ពុជា និងទីម័រខាងកើត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការប្រកាសបញ្ចប់ការចរចាទ្វេភាគីលើការសន្យាបើកច្រកទីផ្សារសម្រាប់ពាណិជ្ជកម្មទំនិញនិងសេវាកម្ម ក្រោមក្របខណ្ឌចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត។ ការចុះហត្ថលេខានេះត្រូវបានធ្វើដោយ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ WTO និងលោកជំទាវ Maria de Lurdes Martins de Sousa BESSA ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃទីម័រខាងកើតប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ ក្រោមអធិបតីភាពរបស់ ឯកឧត្តម Joaquim Amaral រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជាប្រធានចរចាចូលជាសមាជិកអង្គការ WTO របស់ទីម័រខាងកើត ឯកឧត្តម Rui MACIEIRA អគ្គរដ្ឋទូតព័រទុយហ្កាល់និងជាប្រធានក្រុមការងារស្ដីពីការចូលជាសមាជិករបស់ទីម័រខាងកើត ហើយក៏មានការចូលរួមពីតំណាងលេខាធិការដ្ឋានអង្គការ WTO និងប្រតិភូនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងកិច្ចប្រជុំក្រុមការងារស្ដីពីការចូលជាសមាជិករបស់ទីម័រខាងកើតលើកទី៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ អគ្គរាជទូតកម្ពុជា ក៏បានលើកឡើងថា គោលការណ៍ដែលបានផ្ដល់ជូនដោយរាជរដ្ឋាភិបាលឲ្យបញ្ចប់ការចរចាទ្វេភាគីរវាងកម្ពុជានិងទីម័រខាងកើតនាពេលនេះ បានឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងប្រទេសទីម័រខាងកើតឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនស្ដីពីការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។ ជាក់ស្ដែងក្នុងក្របខណ្ឌតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ថ្នាក់ដឹកនាំកំពូលអាស៊ានបានប្រកាសការឯកភាពជាគោលការណ៍អនុម័តការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ហើយនៅក្នុងក្របខណ្ឌសកលនាពេលនេះ ការបញ្ចប់ការចរចាទ្វេភាគីរវាងកម្ពុជានិងទីម័រខាងកើត ជាការរួមចំណែកមួយដ៏ធំក្នុងការពន្លឿនការចរចាទ្វេភាគីរវាងទីម័រខាងកើតនិងសមាជិកដទៃទៀត ក្នុងគោលដៅចងក្រងជាកញ្ចប់ចូលជាសមាជិករួមមួយ ដែលអាចឈានទៅរកការអនុម័តឲ្យទីម័រខាងកើតចូលជាសមាជិកអង្គការ WTO ជាផ្លូវការក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
សូមបញ្ជាក់ជូនថា ក្រុមការងារស្ដីពីការចូលជាសមាជិករបស់ទីម័រខាងកើតបានបង្កើតឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដោយមកទល់ពេលនេះ ក្រុមការងារបានជួបប្រជុំចំនួន ៥ លើកមកហើយ។ ជំហានបន្ទាប់ យោងទៅលើលទ្ធផលនៃការចរចាបើកច្រកទីផ្សារទ្វេភាគីរវាងទីម័រខាងកើតនិងសមាជិកដែលបានចូលរួមចរចា សេចក្ដីព្រាងការសន្យាបើកច្រកទីផ្សារនឹងត្រូវបានចងក្រងឡើង ហើយរួមផ្សំជាមួយសេចក្ដីព្រាងរបាយការណ៍របស់ក្រុមការងារ នឹងបង្កើតចេញជាសេចក្ដីព្រាងកញ្ចប់ចូលជាសមាជិករួមមួយសម្រាប់សមាជិកទាំងមូលពិនិត្យ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣