ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១១:៣៤ នាទី យប់
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន(ក្វាងស៊ី)” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហគ្រាស/ក្រុមហ៊ុនកម្ពុជា-ចិន ជាច្រើនរូប។
មានមតិស្វាគមន៍ ឯកឧត្តម ឡាន ធានលី មានសេចក្តីសោមសន្សរីករាយ ដោយមានកិត្តិយសបានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រសួងពាណិជ្ជកម្មកំឡុងពេលនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ចំណងមិត្តភាពកម្ពុជា-ចិន បានក្លាយជាមិត្តភាពត្បួងពេជ្រ នាឆ្នាំ២០២៣នេះ គឺគម្របខួបទី៦០ នៃកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឱ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកសិកម្មកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំបន្ថែមទៀត។ ជាក់ស្តែង តំបន់ស្វយ័តក្វាងស៊ី បានធ្វើការទំនាក់ទំនងយ៉ាងជិតស្និតជាមួយកម្ពុជា ដែលកម្ពុជាបានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណានីងជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងណានីង ប្រទេសចិន នៅខែកញ្ញា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម ឡាន ធានលី និងគណៈប្រតិភូតំបន់ស្វយ័តក្វាងស៊ីទាំងអស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តម បានជម្រាបជូនអំពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ាន កន្លងមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនបរទេស តាមរយៈការអនុគ្រោះពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានមុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់មកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ហើយថ្មីៗនេះបានបញ្ចប់ជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយគ្រោងនឹងចុះហត្ថលេខា នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន១០ទីតាំង និងគ្រោងបើកចំនួន៥បន្ថែម ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ជូនសហគ្រាស-ក្រុមហ៊ុនចិនពីខេត្តក្វាងស៊ីដែលអញ្ជើញមកទស្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ សូមធ្វើការបណ្តាក់ទុន និងវិនិយោគនៅប្រទេសកម្ពុជា លើការផលិត និងកែច្នែផលិតផលកសិកម្ម ដែលកម្ពុជាមានទីផ្សារនាំចេញទៅសហភាពអឺរ៉ុប បណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្តម សង្ឃឹមថាការចូលរួមពិព័រណ៍ចិន-អាស៊ាន និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នាខែកញ្ញា នៅទីក្រុងណាននីង ប្រទេសចិន នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត។
ក្នុងវេទិកានេះដែរ ក៏មានពិធីចុះហត្ថលេខាលើគម្រោងអជីវកម្មរវាងក្រុមហ៊ុនកម្ពុជា-ចិន ចំនួន១១ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការជំរុញវិស័យដាំដុះ និងកែច្នៃផលិតផលកសិកម្មផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣