ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០:៤៣ នាទី ព្រឹក
👁 32
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប បានអញ្ជើញចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋជាពិសេសក្នុងតំបន់បិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល (តំបន់ក្រហម) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាល្អ របស់មន្រ្តីក្រុមហ៊ុនហ្គ្រីនត្រេដ និង មន្រ្ដីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានលះបង់អស់ទាំងកម្លាំងកាយចិត្តបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការផ្គត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋ ដោយធានាបានទាំងគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ជាពិសេស មន្រ្តីរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នជំនាញ ឱ្យបន្តប្រឹងប្រែងបំពេញតួនាទី ភារៈកិច្ចរបស់ខ្លួន និងបន្តអនុវត្តនូវជំនាញបច្ចេកទេសដែលខ្លួនមាន ក្នុងការថែរក្សាស្តុកស្បៀង និងត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាបាននូវស្ដង់ដារអនាម័យ គុណភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គ្រប់ផលិតផលស្បៀងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកន្លងមក សុទ្ធតែត្រូវបានតាមដានត្រួតពិនិត្យ គុណភាព យ៉ាងយកចិត្តទុកដាក់ដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នជំនាញ ព្រមទាំងការតាមដានសន្ទស្សន៍ថ្លៃទំនិញជាប្រចាំផងដែរ។
សូមជម្រាបជូនថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត។ លើសពីនេះក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ដូចខាងក្រោម៖
០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣