ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០១:៣០ នាទី រសៀល
👁 0
(ព្រៃវែង)៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២ លើកទី២ ដែលប្រព្រឹត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភា ពាណិជ្ជកម្ម កម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្ម ក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។
ជាលទ្ធផលបេក្ខជនចំនួន ១១រូប បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មព្រៃវែង អាណត្តិទី២ លើកទី២ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៣រូប ដែលទទួល បានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តព្រៃវែង ចំនួន៣១៦នាក់ ស្មើនឹង ៨៨% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន៣៦០នាក់។ សមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២ លើកទី២នេះ គឺ ឧកញ៉ា ជឹម សុខ ដែលទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន១៥សម្លេង នៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥ រូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំដល់សមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ ដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ឧកញ៉ាប្រធានសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត គួរបង្កើត Chanel telegram សភាពាណិជ្ជកម្ម ដើម្បីចងក្រងរៀបជាក្រុមជាមួយសមាជិក សមាជិកា រួមនឹងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាន សកម្មភាពការងាររបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រៃវែង និងស្វែងរកកិច្ចសហការចុះ MOU ជាមួយប្រទេសដទៃ ដើម្បីអភិវឌ្ឍនខេត្តរបស់ខ្លួន។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលសហការជាមួយសភាពាណិជ្ជកម្មបាននឹងកំពុងជួយសម្រួល និងជម្រុញបន្ថែមដោយសហការជាមួយសភាពាណិជ្ជកម្ម និងដៃគូសហការក្រៅប្រទេសដោយស្នើសុំការម្រេចពីថ្នាក់ដឹកនាំក្នុងការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មក្រៅប្រទេស ដើម្បីជួយជម្រុញបន្ថែមក្នុងការវិនិយោគក្នុងនិង ក្រៅប្រទេស៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣