ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាល និងប្រគល់ទូកផ្កាចារ ច្រវា និងសម្ភារ:មួយចំនួនទៀត ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីត្រៀមចូលរួមក្នុបព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៨:០៨ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 
(កំពត)៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, អនុប្រធានទី១សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីអន្តរជាតិ “ទូកនាគ” បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីផ្ដាំផ្ញើ និងលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់
មុនចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម  លោក  លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ លោកគ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចាត់ចែង រៀបចំគ្រប់បែបយ៉ាងដែលមានជាអាទិ៍ ការបញ្ជាទិញឧបករណ៍ សម្ភារៈចាំបាច់មួយចំនួន ការរៀបចំទីលានប្រកួតស្របតាមបទដ្ឋានបច្ចេកទេស និងការបំពាក់បំប៉នហ្វឹកហាត់ ត្រៀមដើម្បីចូលរួមប្រកួតដ៏ស្រួចស្រាវនាពេលដ៏ខ្លីខាងមុខនេះ តាមផែនការដែលបានគ្រោងទុក។ 

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹងលើកមុខមាត់កម្ពុជា ឱ្យកាន់តែមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចគឺជាឥស្សរជនកំពូល ដែលត្រូវបានទទួលស្គាល់ និងគោរពកោតសរសើរស្ញប់ស្ញែងទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គឺយើងបានដាក់ចេញនូវពាក្យស្លោកថា «កីឡារស់ក្នុងសន្តិភាព» នេះបញ្ជាក់ថា បើគ្មានសុខសន្តិភាពនោះទេ កម្ពុជាក៏នឹងមិនមានឱកាសទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះដែរ។ " យើងទាំងអស់គ្នាសូមអរគុណសន្តិភាព " ជាពិសេស សូមគោរពអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកមគ្គុទេសន៍ឯក និងជាប្តតិបត្តិករនៃនយោបសយឈ្នះៗដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាព ពេញផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយ:ពេល៥០០ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សម្រាប់វិញ្ញាសាកីឡាទូកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសម្តេចតែងបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងសម្ភារ: និងថវិកា ដើម្បីលើកស្ទួយកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឲ្យមានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមបានចាត់តាំងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ធ្វើការងារនេះឲ្យបានជិតស្និទ្ធជាមួយសហព័ន្ធ ដើម្បីដោះស្រាយរាល់តម្រូវការផ្សេងៗតាមការចាំបាច់ជាក់ស្តែង។ តួយ៉ាងយើងបានដោះស្រាយថវិកា ដើម្បីទិញទូកកាចារចំនួន ១៥គ្រឿង ច្រវា ៥០ដើម ទឹកដោះគោស្រស់សម្រាប់បំប៉នសុខភាពប្រចាំថ្ងៃ ព្រមទាំងសម្ភារៈសម្រាប់បម្រើការរៀបចំទីលានប្រកួតមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ជិតប្រាំពីរម៉ឺនដុល្លារអាម៉េរិក។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា តាមរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត មាស សារិន បញ្ជាក់ថា មានកីឡាករ-កីឡាការិនីចំនួន៨ប្រទេស មកចូលរួមការប្រកួតនាពេលខាងមុខនេះ ហើយបើគិតរួមទាំងកម្ពុជាជាម្ចាស់ផ្ទះទៀត គឺមានចំនួន៩ប្រទេស ដែលសរុបកីឡាករ-កីឡាការិនី ទាំងអស់ មានចំនួន ៣២៤ នាក់ (៣៦នាក់/ប្រទេស)។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាទាំងអស់ត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីជៀសវាងខូចកេរ្តិ៍ឈ្មោះប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែរយើង ដោយមិនត្រូវចង់បានជ័យជំនះ និងចង់បានមេដាយ ដែលបានមកពីការបន្លំ ឬការបំពារបំពានគេនោះឡើយ។ អាស្រ័យហេតុនេះ សូមកីឡាករ-កីឡាការិនីទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់អត្តពលិកខ្មែរយើងដែលជាពូជខ្មែរអង្គរដ៏ល្បីល្បាញតាំងពីយូរយាណាស់មកហើយ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ  ឯកឧត្តម  លោក  លោកស្រី  ព្រមទាំងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងរៀបចំ និងការបំពាក់បំប៉នហ្វឹកហាត់កីឡាករ-កីឡាការិនី ជាប្រចាំដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ