ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤

ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៣:១៨ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ អំពីការសិក្សា លើការស្នើសុំការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងច្បាប់ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរាជរដ្ឋាភិបាលបានដាក់បញ្ជូនមកអង្គនីតិបញ្ញត្តិដើម្បីស្នើសុំការអនុម័តនិងគាំទ្រ។

ក្នុងឱកាសនោះ គណៈកម្មការទី៩នៃព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការ បានពិនិត្យ និងពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់ រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ព្រមទាំងសហការី ដោយឃើញថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

ជាកិច្ចបន្ទាប់ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រធានសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រនូវរបាយការណ៍លម្អិតរបស់ ឯកឧត្តមប្រធានគណៈកម្មាធិការទី៩ ហើយបានជម្រាបជូនសម័យប្រជុំបន្ថែមអំពីខ្លឹមសារសំខាន់ៗ អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត នៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។

ក្រោយពីបានស្តាប់នូវការពន្យល់ និងបំភ្លឺបន្ថែមរបស់ ឯកឧត្តមរដ្ឋមន្រ្តី រួចមក សម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ក៏បានអនុម័តគាំទ្រទាំងស្រុង ដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបានសម្លេងគំាទ្រជាឯកច្ឆន្ទ ៥៧សម្លេង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ដែលបានអនុម័តគាំទ្រ នឹងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការមួយក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្មនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ