ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១១:០២ នាទី យប់
👁 6
(សៀមរាប)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជប់លៀងស្វាគមន៍ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាទោចក្រយាន, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ, មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ, ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធី “ជប់លៀងស្វាគមន៍ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ នៃបណ្តាប្រទេសទាំងអស់ ដែលបានមកចូលរួមការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ និងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត» ដែលបានខិតខំសហការគ្នាយ៉ាងជិតស្និត ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ស្រស់បវរ និងជាតំបន់អេកូទេសចរណ៍ វប្បធម៌ ដ៏ល្បីរន្ទឺរពាសពេញសកលលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈប្រតិភូដឹកនាំ ក្រុមកីឡាទោចក្រយានតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ ដែលជាឱកាសដ៏ល្អ ក្នុងការបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ សម្រាប់ផលប្រយោជន៍រួម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹង រវាងគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងផ្តល់ឱ្យកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។ បើគ្មានសុខសន្តិភាពទេនោះ យើងក៏នឹងមិនមានឱកាសរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្របានឡើយ, ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា «កីឡារស់ក្នុងសន្តិភាព»។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា “សន្តិភាពពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន” ប្រជាជនលើសកលលោកទាំងមូលពិតជាត្រូវការសុខសន្តិភាព “មានសន្តិភាពគឺមានការអភិវឌ្ឍលើគ្រប់វិស័យ”។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ ត្រឹមត្រូវ គោរពតាមបទដ្ឋានបច្ចេកទេស ឈរលើគោលការណ៍មិនលម្អៀង ដែលនឹងធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
សូមជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមទាំងអ្នកសារព័ត៌មានពីគ្រប់បណ្តាប្រទេសទាំងអស់នូវការចូលរួមដោយឥតគិតថ្លៃ ទាំងការចូលទស្សនាការប្រកួត ការផ្សព្វផ្សាយការប្រកួត ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣