ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១០:៥៥ នាទី ព្រឹក
👁 1
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំលើកទី៦ នេះគឺរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)”។
ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានដើរតួអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរគឺ (១) វគ្គពិភាក្សាស្ដីពី “តម្រូវការជាមុនសម្រាប់ការចែកចាយផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌ (Prerequisites for a more equitable distribution of gains from the digital economy)" និង (២) “ការសម្រួចកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ (Shaping the data governance debate to maximize the development potential of data)”។ នៅក្នុងវគ្គពិភាក្សាទាំងពីរ វាគ្មិននិងអគ្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងផុសផុលលើប្រធានបទដូចជា៖ ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យក្នុងក្របខណ្ឌសាកល និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតជាវេទិកាពហុភាគីសម្រាប់ពិភាក្សាលើបញ្ហានេះ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសិដ្ឋកិច្ចឌីជីថល បញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយនេះដែរ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦ នេះ ស្ថានបេសកកម្មកម្ពុជាក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការរបស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រើក្លាយជាសេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួមក្នុងការបង្កើតវិធានស្ដីពីអភិបាលកិច្ចទិន្នន័យតាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។ ជាមួយនោះដែរ ស្ថានបេសកកម្មកម្ពុជាក៏បានរំលឹកដល់សមាជិកទាំងអស់អំពីបញ្ហាប្រឈមនានារបស់កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឲ្យប្រទេសទាំងនេះ អាចទាញយកផលប្រយោជន៍ពេញលេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣