ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១២:៤៣ នាទី ថ្ងៃត្រង់
👁 2
(ខេត្តកំពត)៖ ក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ព្រមទាំងទស្សនិកជនជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី តាមបណ្តាប្រទេសទាំងអស់ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នេះ ប្រកបដោយមហោឡារឹក អធិកអធម កក់ក្ដៅ និងសប្បាយរីករាយ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បន្ទាប់ពីខកខានអស់រយៈពេលជាង ៦៤ឆ្នាំមកហើយ ដោយបញ្ហាសង្រ្គាមដ៏រ៉ាំរ៉ៃ ពុំមានសុខសុខសន្តិភាពពេញលេញ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះផងដែរ ក៏បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច និងការទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (32nd SEA Games, 2023 ) នៅឆ្នាំ២០២៣ នាពេលនេះ។ បើគ្មានសន្តិភាពទេ នោះយើងមិនអាចរៀបចំព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដ៏សំខាន់នេះបាន ឡើយ ហេតុនេះហើយយើងទាំងអស់គ្នាត្រូវខិតខំថែរក្សារ និងការពារសុខសន្តិភាពនេះ ឱ្យបានជាដាច់ខាត ជាពិសេសសូមដឹងគុណ និងអរគុណ “សន្តិភាព” ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក និងជាប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈប្រតិភូដឹកនាំ ក្រុមកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” តាមបណ្តាប្រទេស អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ គឺជាឱកាសដ៏ល្អ និងការបង្រួបបង្រួមប្រជាជាតិ អាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ផលប្រយោជន៍រួម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹងរវាងគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ដោយភាពយុតិ្តធម៌ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣