ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៦:៤២ នាទី ល្ងាច
👁 5
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកា សប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោម ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដែលពិធីនេះបានប្រព្រឹត្តទៅនៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជន និងភ្ញៀវកិត្តិយស ជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួមពិធីទទួល ថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ និងបានលើកឡើងថា នេះជាឆ្នាំលើកដំបូងហើយដែលយើងទាំងអស់គ្នាមានឱកាសបានមកជួបជុំ រៀបចំពិធី ទទួលថវិកាសប្បុរសធម៌ ដ៏មហោឡារិក បន្ទាប់ពីកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនៃជំងឺ កូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា តាមរយៈរបាយការណ៍របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មូលនិធិដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន កាលពីឆ្នាំកន្លងទៅ សាខាបានប្រើប្រាស់ប្រកបដោយដោយតម្លាភាព និងពង្រឹងបាននូវភាពម្ចាស់ការក្នុងប្រតិបត្តិការផ្តល់សេវាកម្ម មនុស្សធម៌ ដោយបានចាត់ចែងឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះរបស់ប្រជា ពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលយ៉ាងគាប់ ប្រសើរស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងទស្សនទាន “អ្វីៗដែលយើងបានធ្វើ គឺចេញពីបេះដូង”។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្ត អនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១- ការគ្រប់គ្រង គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២- ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ទី៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ទី៤- គឺការអភិវឌ្ឍស្ថាប័ន។
ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយសសាខា ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យឯកជន សូមបន្តចូលរួមជាកម្លាំង ជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយរងគ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក តាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា គ្រប់កិច្ចការទាំងអស់ដែលយើងអាចសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែកើត ចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងនវានុវត្តន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើន និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ ហើយអ្វីដែលជាមោទកភាពបំផុតនោះ គឺជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបានបិទបញ្ចប់កាលពីល្ងាចថ្ងៃម្សិល មិញ នៅពហុកីឡដ្ឋានមរតកតេជោ ប្រកបដោយភាពអធិកអធមក្រៃលែង។
តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឱ្យពិភពលោកមើលឃើញ កាន់តែច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខ ប្រកបដោយភាពជឿជាក់លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាព ស្នាដៃដ៏ធំធេងរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម ដែលកន្លងមក សម្តេច បានខិតខំស្តារនូវកិត្តិយសសាខា រួមទាំងប្រឹងប្រែង កៀរគរ រក មូលនិធិបានយ៉ាងច្រើនពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅ គ្រប់អាណត្តិ រហូតមានលទ្ធភាពម្ចាស់ការក្នុងការដោះស្រាយជួយជនរងគ្រោះ និងងាយរងគ្រោះដោយមហន្តរាយ និងប្រការផ្សេងៗ បានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាពបំផុត។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ សាខា អាណត្តិទី៥ ដែលជានិច្ចកាលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពបុរេសកម្ម មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ រហូតសម្រេចបានលទ្ធផលធំធេងនាពេលនេះ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទោះបីជាយើង ពុំបានធ្វើការប្រារព្ធពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារ ស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣