ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១០:៤៧ នាទី ព្រឹក
👁 2
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលប្រព្រឹត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។
ជាលទ្ធផលបេក្ខជនចំនួន៨រូប បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មស្វាយរៀង អាណត្តិទី២ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១១រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តស្វាយរៀង ចំនួន១៣៥នាក់ ស្មើនឹង ៦១% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន២២២នាក់។
ជាលទ្ធផល ឧកញ៉ា សុក រ៉ាដូ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១នេះ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន ១៤សម្លេង នៃចំនួនសមាជិកជ្រើសតាំងសរុបទាំង ១៥រូប ដោយអវត្តមានចំនួន ១សម្លេង។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំសមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ ដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ខិតខំស្វែងរក និងជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តថា ប្រធានសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត ត្រូវណែនាំបន្ថែមដល់សមាជិកជ្រើសតាំងថ្មី អំពីតួនាទី ភារកិច្ច និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម ក៏ដូចជាបង្កើត Chanel telegram សភាពាណិជ្ជកម្ម ដើម្បីចងក្រងរៀបជាក្រុមជាមួយសមាជិក សមាជិកា រួមនឹងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាន នៃសកម្មភាពការងាររបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តស្វាយរៀង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣