ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៥:២៣ នាទី ល្ងាច
👁 2
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្តីពីការវាយតម្លៃកិច្ចសម្របសម្រួលផ្លូវច្បាប់ និងអត្ថគាហក (វិស័យទី១៣) នៃអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយមានការចូលរួមពីក្រុមការងារដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងយុត្តិធម៌, ព្រះរាជអាជ្ញា, ចៅក្រម, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករបរធនបាលកិច្ច, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, និយ័តករមូលបត្រកម្ពុជា, និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករសន្តិសុខសង្គម។
កិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បី៖ ទី១ បង្ហាញឧបករណ៍វាយតម្លៃរបស់ធនាគារពិភពលោក ទី២ ការបែងចែកភារកិច្ចក្នុងការឆ្លើយកម្រងសំណួរក្នុងវិស័យទី១៣ និងទី៣ កិច្ចពិភាក្សាលើកាលវិភាគការងារក្នុងវិស័យទី១៣។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ មានមតិស្វាគមន៍ទៅកាន់អង្គប្រជុំទាំងមូល ដោយបានបញ្ជាក់ពីគោលជំហរក្នុងការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតឱ្យមានក្រុមការងារវាយតម្លៃកិច្ចសម្របសម្រួលផ្លូវច្បាប់និងអត្ថគាហក។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជាសារបាន ក្រសួងពាណិជ្ជកម្មជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតនៅកម្ពុជាដែលបានចូលរួមឆ្លើយតប នៅពេលដែលកម្ពុជាទទួលការវាយតម្លៃអញ្ញមញ្ញពី APG លើការសម្អាតប្រាក់កន្លងមក។ ក្រោយការវាយតម្លៃអញ្ញមញ្ញលើកទី១ នៅឆ្នាំ២០០៦-២០០៧ និងលើកទី២ នៅឆ្នាំ២០១៦-២០១៧ ហើយជាលទ្ធផលអកុសលកម្ពុជាបានចូលក្នុងបញ្ជីប្រផេះរបស់ FATF ចំនួន២លើក និងតាមរយៈការប្តេជ្ញាខាងផ្នែកនយោបាយពីរាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម កម្ពុជាបានចេញពីបញ្ជីប្រផេះជាលើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា សម្រាប់ទិសដៅការងារបន្ទាប់ដើម្បីបញ្ចៀសកម្ពុជាក្នុងការចូលក្នុងបញ្ជីប្រផេះម្តងទៀត និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាការពារប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា ដោយបង្ហាញពីការរួមចំណែកដល់ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលជាក្តីបារម្ភពីសន្តិភាព និងសន្តិសុខពិភពលោកនោះ កម្ពុជា ត្រូវត្រៀមខ្លួនជាពិសេសក្នុងការទទួលនូវការវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) ដែលអាចចាប់ផ្តើមនៅឆ្នាំ២០២៦ ឬ២០២៧ ខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីបំពេញនូវចំណុចខ្វះខាតក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញឆ្នាំ២០១៧ កន្លងទៅ និងចូលរួមរៀបចំរបាយការណ៍ការវាយតម្លៃហានិភ័យថ្នាក់ជាតិ ដែលនឹងត្រូវប្រើប្រាស់សម្រាប់រៀបចំយុទ្ធសាស្រ្តជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០២៤-២០២៨ និងសម្រាប់ការវាយតម្លៃអញ្ញមញ្ញនៅជុំបន្ទាប់ ក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសជាស្ថាប័នដឹកនាំក្រុមការងារលើវិស័យទី១៣ ដែលពាក់ព័ន្ធនឹងការវិភាគ និងវាយតម្លៃហានិភ័យលើកិច្ចសម្របសម្រួលផ្លូវច្បាប់ និងអត្ថគាហកតាមរយៈសេចក្តីសម្រេចលេខ១០៥៤ សសរ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ដូចនេះ ជាកិច្ចសម្រួលក្រសួងពាណិជ្ជកម្ម បានរៀបចំជាកម្រងសំណួរដោយដកស្រង់ចេញពីគោលការណ៍ណែនាំ និងឧបករណ៍វាយតម្លៃរបស់ធនាគារពិភពលោក សម្រាប់ជាជំនួយដល់ស្ថាប័នផ្សេងទៀតក្នុងការពិនិត្យ និងឆ្លើយតប។
ក្រោយពីការធ្វើបទបង្ហាញពីឧបករណ៍វាយតម្លៃរបស់ធនាគារពិភពលោក និងកម្រងសំណួរក្នុងវិស័យទី១៣ ក្នុងអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនអង្គប្រជុំពីកម្រងសំណួរដែលនឹងចែកចេញទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយតប និងកំណត់កាលបរិច្ឆេទក្នុងការឆ្លើយតបសំណួរក្នុងវិស័យទី១៣ ត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំធ្វើជារបាយការណ៍ឱ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានបញ្ជាក់ថា ចំពោះឆ្នាំដែលត្រូវយកធ្វើជាទិន្នន័យនិងស្ថិតិសម្រាប់ក្នុងការឆ្លើយនឹងសំណួរ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ និងត្រៀមរៀបចំស្ថិតិចំនួន៦ខែទៀតសម្រាប់ឆ្នាំ២០២៣។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារវាយតម្លៃហានិភ័យលើវិស័យទី១៣ ជាលើកទី១ និងបានបញ្ជាក់ពី គោលជំហរយ៉ាងមុតមាំក្នុងការពន្លឿនការងារនៃក្រុមការងារអន្តរក្រសួងស្ថាប័នទាំងអស់ដោយមានភាពសហការគ្នាក្នុងការវាយតម្លៃហានិភ័យលើវិស័យទី១៣នេះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីបញ្ចៀសកម្ពុជាកុំឱ្យចូលក្នុងបញ្ជីប្រផេះជាថ្មីម្តងទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣