ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៧:១៣ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លំអិតជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ស្តីអំពីការពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងបានគោរពស្នើសុំអង្គប្រជុំដ៏ឧត្តុង្គឧត្តមអនុម័ត។

បន្ថែមលើរបាយការណ៍លោកជំទាវប្រធានគណៈកម្មការទី៩ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងគោលបំណង អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត ដែលកម្ពុជានឹងទទួលបាននៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។ ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយលោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តមរដ្ឋមន្រ្តី សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយទទួលបានសម្លេងគំាទ្រជាឯកច្ឆន្ទ ៩៨ សម្លេង​។

ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចប្រធានអង្គប្រជុំ ឯកឧត្តមអនុប្រធានទី១ លោកជំទាវអនុប្រធានទី២ ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ខាងលើ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ជាពិសេស បង្កើនការចូលរួមរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម  ក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នៅពេលដែលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន ក្រសួងពាណិជ្ជកម្ម នឹងយកច្បាប់នេះផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ