ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១១:៣០ នាទី ថ្ងៃត្រង់
👁 1
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលា ស្តីពី “ការរៀបចំបញ្ជីវិធានបដិលោមសម្រាប់ពាណិជ្ជកម្មសេវាកម្មអាស៊ាន (Non-Conforming Measures)” ដែលសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្រសួងពាណិជ្ជកម្ម ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី និងមានការចូលរួមពីមន្រ្តីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យសេវាកម្មទូរគមនាគមន៍ សេវាកម្មដឹក ជញ្ជូន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងកសាងនិងពង្រឹងសមត្ថភាពដល់មន្ត្រីចរចា និងមន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មសេវាកម្មលើការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម ជាពិសេសលើការរៀបចំបញ្ជីវិធានបដិលោមសម្រាប់ពាណិជ្ជកម្មសេវាកម្មក្រោមវិធីសាស្រ្តបញ្ជីអវិជ្ជមាន (Negative List Approach) ដែលជារបត់ថ្មីមួយសម្រាប់អាស៊ានទាំងមូល ក៏ដូជាសម្រាប់កម្ពុជា ផងដែរ។
ជាកិច្ចចាប់ផ្តើម លោក Jeremy Gross ប្រធានផ្នែកទទួលបន្ទុកកម្មវិធីកសាងសមត្ថភាពរបស់វិទ្យាស្ថានERIA បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈប្រព័ន្ធវីដេអូ ជូនចំពោះ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានផ្ដល់កិត្តិយសថ្លែងសុន្ទរកថាបើក និងសិក្ខាកាមទាំងអស់ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមសិក្ខាសាលាខាងលើដោយផ្ទាល់។ លោក Jeremy Gross ក៏បានបន្ថែមថា ក្រសួងពាណិជ្ជកម្មគឺជាដៃគូសហកាយ៉ាងជិតស្និទជាមួយវិទ្យាស្ថានERIA នៅក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាពនានាអស់រយៈពេលជាង១៥ឆ្នាំមកហើយ សម្រាប់ពង្រឹងសមត្ថភាពផ្នែកស្ថាប័ន ក្នុងនោះរួមាន ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។ បន្ថែមពីនេះទៀត លោក Jeremy Gross ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ផ្ដល់ជំនួយឧបត្ថម្ភសម្រាប់ការរៀបចំសិក្ខាសាលាកសាងសមត្ថភាពនេះ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានផ្ដល់មតិស្វាគមន៍យ៉ាងកក់ក្ដៅដល់អង្គសិក្ខាសាលាទាំងមូល ព្រមទាំងបានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយបានជម្រាបអំពីសាវតា និងសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ASEAN Trade in Services Agreement – ATISA) ក៏ដូចជាសារៈសំខាន់ពាណិជ្ជកម្មសេវាកម្មសម្រាប់អាស៊ាននិងកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់វិទ្យាស្ថានERIA និងរដ្ឋាភិបាលអូស្រ្តាលី ចំពោះជំនួយគាំទ្រលើកម្មវិធីកសាងនិងពង្រឹងសមត្ថភាពមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្រ្តីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកចំណេះដឹងដ៏មានតម្លៃ និងគុណប្រយោជន៍ជូនសិក្ខាកាមទាំងអស់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្ត និងជំរុញឱ្យសិក្ខាកាមទាំងអស់ខិតខំព្យាយាមសិក្សាលើខ្លឹមសារបទបង្ហាញរបស់អ្នកជំនាញការ ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចូលរួមពិភាក្សាឱ្យបានសកម្មលើប្រធានបទនីមួយៗ ដើម្បីឈ្វេងយល់ និងចែករំលែកបទពិសោធន៍អំពីការរៀបចំបញ្ជីវិធានបដិលោមសម្រាប់ពាណិជ្ជកម្មសេវាកម្មអាស៊ាន៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣