ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០១:៥៧ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័ន និងសិស្សនិស្សិត សរុបប្រមាណជាង ២០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានចូលរួម និងថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាដ៏សំខាន់នេះ ដែលជាការរៀបចំរួមគ្នាដោយសមាគមធុរកិច្ច និងវិនិយោគកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំង បានអបអរសាទរចំពោះគម្រប់ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសកម្ពុជា នឹងឈានទៅកាន់ “ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប” និងប្តេជ្ញាឈានទៅ “ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៥០ ខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន៖ ការបង្កើត​គេហទំព័រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ​ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។

ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដឹកនាំបង្កើតយុទ្ធសាស្ត្ររួមមួយ គឺយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-2023 ដែលបង្ហាញពីការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម បានបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក សំដៅបង្កើតប្រព័ន្ធអេកូស្សីពាណិជ្ជកម្មអេឡិចត្រូនិក ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើក កម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថា Cambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និងការវិនិយោគកម្ពុជា-ជប៉ុន ដូចខាងក្រោម៖

• ពិចារណាពីលទ្ធភាពនៃការលើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ ពីប្រទេសជប៉ុនមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ដូចជាក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន Yamaha Cooperation។

• កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

• ពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន។

• សហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងទម្រង់នៃការបោះទុនវិនិយោគ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ