ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០១:៥៦ នាទី រសៀល

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លំអិតស្តីអំពីការពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ​ រួមមានគោលបំណង អត្ថប្រយោជន៍ ខ្លឹមសារសេចក្តីព្រាងច្បាប់ និងសេចក្តីសន្និដ្ឋាន ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងស្របតាមគោលការណ៍និងវិធាននៃការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនបន្ថែម​ ​អំពីយុត្តិកម្មឬភាពចាំចាច់ និងសាវតារក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ​ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើម​កំណើត​ទំនិញ​នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយ​ជា​ផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមាន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​តំបន់​(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។

ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយ លោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តមរដ្ឋមន្រ្តី អង្គសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះទំាងមូលដោយទទួលបានសម្លេងគំាទ្រជាឯកច្ឆន្ទ។

ជាកិច្ចបញ្ចាប់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចប្រធានអង្គប្រជុំ ឯកឧត្តមអនុប្រធានទី១ លោកជំទាវអនុប្រធានទី២ ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ សំដៅ ជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យបានជិតស្និទ្ធិដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ