ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៥:៣៦ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការពារ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានធ្វើសេចក្តីរាយការណ៍ជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ អំពីការសិក្សាលម្អិត និងដំណើរការត្រួតពិនិត្យរបស់គណៈកម្មការទី៩ ដោយសហការជាមួយនឹងគណៈកម្មការទាំងអស់ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលជាលទ្ធផលឃើញថា សំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦។ បន្ថែមពីនេះ ឯកឧត្តម គង់ សារាជ ក៏បានគោរពរាយការណ៍ជូនអង្គប្រជុំយ៉ាងពិស្តារអំពី ខ្លឹមសារ សាវតា គោលបំណង ក៏ដូចជាអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូនអង្គប្រជុំផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណង ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្មកាន់តែទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងការខិតខំបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះ ក៏ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម ព្រមទាំងជំរុញដល់ការសហការ និងសម្របសម្រួលគ្នាទៅវិញទៅមករវាងបណ្តាប្រទេសសមាជិក សំដៅលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមាន​ប្រសិទ្ធភាព ដើម្បីអាចទាញយកអត្ថប្រយោជន៍កាន់តែប្រសើរពីកាលានុវត្តភាពនានាដែលផ្តល់នៅក្រោមកិច្ចព្រមព្រៀង ជាពិសេសដើម្បីរួមចំណែកដល់ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន។

ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយ ឯកឧត្តមប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងសេចក្តីបំភ្លឺបន្ថែមពី ឯកឧត្តមរដ្ឋមន្រ្តី សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយទទួលបានការគំាទ្រសរុប ៦០សម្លេង។

ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ និង ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ដែលបានផ្តល់ការអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគបរទេស មកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូល ការទទួលបានបទពិសោធន៍ថ្មីៗ ការផ្ទេរចំណេះដឹង ជំនាញ បច្ចេកទេស និងបំណិនអាជីវកម្ម ជាពិសេសកម្ពុជាក៏នឹងទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្មប្រកបដោយតម្លៃសមរម្យផងដែរ នៅពេលច្បាប់នេះចូលជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីព្រាងច្បាប់នេះឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ