ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជួបពិភាក្សាការងារជាមួយក្រុមការងារ​អង្គការកម្មសិទ្ធិបញ្ញាពិភពលោក

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១១:២៨ នាទី ថ្ងៃត្រង់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងគោលបំណងបន្តគាំទ្រសមាហរណកម្មប្រព័ន្ធឌីជីថលនៅកម្ពុជា ជាពិសេសដើម្បីបន្តកិច្ចសហការល្អបន្តទៀតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃ​ក្រសួង​ពាណិជ្ជកម្ម។

កិច្ចពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងបានមានការអញ្ជើញចូលរួមពី ឯកឧត្តម ហូ ស៊ីយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងមន្រ្តីជំនាញ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបានចូលរួមក្នុងកិច្ចពិភាក្សាការងារនេះ និងបានថ្លែងអំណរគុណដល់ក្រុមការងារ WIPO ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការជំរុញ​វិស័យ​កម្មសិទ្ធិ​បញ្ញានៅកម្ពុជា​ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាង WIPO និងកម្ពុជា នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈជាអាទិភាព តាមរយៈការរៀប​ចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​នានា និងការធ្វើកំណែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ ដោយការកាត់បន្ថយពេលវេលាសម្រាប់ការចុះឈ្មោះ ការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺពិតជាចាំបាច់ណាស់ក្នុងការចូលរួមពីវិស័យឯកជន ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការពារសិទ្ធ និងម៉ាកឱ្យបានត្រឹមត្រូវ ទាំងការការពារការចាប់ផ្តើមអាជីវកម្មដំបូង និងការការពារសម្រាប់អាជីវកម្មដែលមានស្រាប់ ដើម្បីឱ្យការធ្វើអាជីវកម្មនោះ ធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងដំណាក់កាលបច្ចុប្បន្ន នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតសកល COVID-19។ ដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជសញ្ញា ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ WIPO សម្រាប់ការផ្តល់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធឧស្សាហកម្ម (IPAS) តាំងពីឆ្នាំ ២០០៦ ក្រោមជំនួយបច្ចេកទេសពី WIPO និងបន្តធ្វើឱ្យប្រសើរឡើង និងបន្ថែមមុខងារថ្មីៗមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ន។

នៅកិច្ច​បញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើប្រព័ន្ធថ្មីនេះ និងបានលើកទឹកចិត្តដល់នាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម និង WIPO ឱ្យបន្តកិច្ចសហការគ្នាល្អបន្ថែមទៀត ដើម្បីលើក​កម្ពស់វិស័យកម្មសិទ្ធបញ្ញានៅកម្ពុជា ឱ្យកាន់​តែមាន​ភាព​រីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា ក្នុងកិច្ចជុំនួបពិភាក្សាការងារនេះ ក្រុមការងារ WIPO ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រព័ន្ធ AI tools ទាក់ទងនឹង Trademark search និង ChatBot ដើម្បីជម្រុញការចុះបញ្ជីម៉ាក និងការប្រើប្រាស់សេវានានារបស់នាយកដ្ឋាន និងសម្រាប់សាធារណៈជនប្រើប្រាស់សេវាកម្មនេះ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ