ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៥:៥៩ នាទី ល្ងាច
👁 1
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម មកពីគណៈកម្មការជំនាញទាំងអស់នៃព្រឹទ្ធសភា ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។
បន្ថែមពីនេះ ឯកឧត្តមប្រធាន ក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងពិស្តារលើអត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដោយបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធាន សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម នៃព្រឹទ្ធសភាដែលបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្មដាក់សេចក្តីព្រាងច្បាប់នេះក្នុងរបៀបវារៈនៃកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការទី៩ នាថ្ងៃនេះព្រមទាំងបានជម្រាបជូនអង្គប្រជុំនូវយុត្តិកម្ម គោលបំណង សាវតារ ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះឱ្យកាន់តែស៊ីជំរៅបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ នូវសំណួរនានាដែលសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា បានលើកឡើង ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏ជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះ មានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៩ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រុមការងារអន្តរក្រសួង ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងឯកភាពសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យនិងស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣