ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៧:៤៥ នាទី យប់
👁 1
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រាជ រ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាបិទ វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជន ស្តីពី “ការចងក្រងដំណោះស្រាយធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា”។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ ៤៥នាក់។
វេទិកានេះបានក្លាយជាឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទី ចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រ ក៏ដូចជាវិភាគអំពីតួនាទីរបស់កម្ពុជាក្នុងផែនទីផ្គត់ផ្គង់សកល និងបង្កើតការផ្សព្វផ្សាយពីសកម្មភាពលើខ្សែច្រវាក់តម្លៃស្វាយចន្ទី។ បន្ថែមពីនេះ វេទិកាសន្ទនានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ចូលរួមចែករំលែកនូវបទពិសោធន៍ ផលិតផល ស្តង់ដារ ជាមួយនឹងអ្នកផ្គត់ផ្គង់សំខាន់ៗ ក៏ដូចជាស្វែងរកការអន្តរាគមន៍ជាក់លាក់ និងផ្លាស់ប្តូរអំពីតម្រូវការ បញ្ហាប្រឈម ឱកាសសម្រាប់សហប្រតិបត្តិការ និងស្វែងរកអនុសាសន៍សម្រាប់ធ្វើឱ្យប្រសើរឡើងនៃវិស័យស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជន ស្តីពី “ការចងក្រងដំណោះស្រាយធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា” បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់។ ទោះបីជា តួលេខក្នុងវិស័យស្វាយចន្ទី (ផ្ទៃដីដាំដុះ ទិន្នផល ការកែច្នៃ...)ដែលបានលើកយកមកបង្ហាញពីស្ថាប័នរដ្ឋ និងឯកជន នៅមិនទាន់មានសង្គតភាព តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្រុះស្រួលគ្នាក្នុងការលើកយកបញ្ហានេះមកពិភាក្សាក្នុងវេទិកាបន្ទាប់ទៀត។ ដោយឡែក ការអន្តរាគមន៍ជាពិសេសពីស្ថាប័នរាជរដ្ឋាភិបាល បានលើកឡើងពីតួនាទីរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហការ ក្នុងការចែករំលែកបទពិសោធន៍ បច្ចេកទេសដាំដុះ ការពង្រឹងគុណភាពចន្ទី និងការកែច្នៃ សំដៅធ្វើឱ្យវិស័យស្វាយយចន្ទីកម្ពុជា មានការទទួលស្គាល់និងមានឈ្មោះបោះសម្លេងបន្ថែមទៀតក្នុងសកលលោក ស្របទៅនឹងមហិច្ឆតា ដើម្បីកែប្រែប្រទេសកម្ពុជា ទៅជាប្រទេសដែលនាំចេញចន្ទីដែលមានគុណភាពច្រើនជាងគេលើពិភពលោក។
ជាចុងបញ្ចប់ គ្រប់ភាគីពាក់ព័ន្ធរួមមានតំណាងក្រសួង ស្ថាប័ន វិស័យឯកជន ដែលបានចូលរួមក្នុងវេទិកាសន្ទនានេះ បានមូលមតិក្នុងការខិតខំបំពេញនូវតួនាទីរបស់ខ្លួនដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបនឹងអនុម័តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ និងរីករាយក្នុងការចូលរួមលើកស្ទួយការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣