ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងបាធាយ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១១:២២ នាទី ថ្ងៃត្រង់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ព្រៃឈរ,កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងបាធាយ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីនេះ ធ្វើឡើងក្នុងបរិវេណរោងចក្រសាន់ស៊ូហ្គាមិន ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៥ នៃស្រុកព្រៃឈរ, លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ, លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ប្រធានអង្គភាពចំណុះ និងជុំវិញស្រុក, លោក ហ្សើ សុងប៉ាន់ អគ្គនាយករោងច្រក សាន់ ស៊ូហ្គាមិន, លោក លោកស្រី និយោជក រោងចក្រ សហគ្រាស ទាំង ៧ទីតាំង នៃស្រុកព្រៃឈរ និង លោកប្រធានក្រុមប្រឹក្សាឃុំទាំង១៥ ក្រុមប្រឹក្សាឃុំខ្វិតធំ នៃស្រុកព្រៃឈរ ព្រមទាំងបងប្អូនកម្មករ-កម្មការនី សរុបប្រមាណជិត ៦០០០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមន្សរីករាយក្នុងការចូលរួមក្នុងពិធីសំណេះសំណាលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន កូនក្មួយ និងប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសុវត្ថិភាពភូមិ-ឃុំ ក៏ត្រូវបានពង្រឹងជាប្រចាំ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈដំណើរការកែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលឃុំ-សង្កាត់កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ក៏ដូចជានៅតាមទីប្រជុំជន។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកល នូវភាពជោគជ័យលេចធ្លោរបស់កម្ពុជា ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ រួមមានជាអាទិ៍៖ ១. ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ និងការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបាននាំសង្គមជាតិមកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ, ២. ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ៣. ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ៤. ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មាន គឺសរុបចំនួន២៨២ ក្នុងនោះរួមមាន មេដាយមាសចំនួន៨១ (ស្ថិតក្នុងលេខរៀងទី៤) ប្រាក់៧៤ និងសំរិទ្ធិ១២៧, ព្រមទាំងជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តការណ៏ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗ កន្លងទៅនេះ។

បន្ថែមពីនេះ កម្ពុជានៅតែរក្សារបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាជំនះបាននូវបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិធំៗជាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន។ល។ ជាពិសេសសម្រេចបានគួរជាទីមោទកៈផងដែរនូវការបើកច្រកទីផ្សារថ្មីៗបន្ថែមជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងនានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម  ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម  ជាមួយបណ្តាប្រទេសមួយចំនួនទៀតដែលយើងកំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ ដែលការចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមនេះ គឺជាចក្ខុវិស័យប្រកបដោយភាពស៊ីជុំរៅរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិរន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបានទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍ណែនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងបេសកម្មចុះជួបកម្មករ-កម្មការិនី ជុំទី២ ដោយផ្ដោតលើការពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាជូនកម្មករ និយោជិត តាមរោងចក្រ ឬតំបន់សេដ្ឋកិច្ចនីមួយៗ ជាពិសេសគឺការអនុវត្តតាម អនុសាសន៍ទាំង ១០ ចំណុច ដែលបានដាក់ចេញកាលពីបេសកកម្មជុំទី១ និងការដោះស្រាយបញ្ហាផ្សេងទៀត ដែលកម្មករនិយោជិតកំពុងជួបប្រទះ សំដៅធ្វើយ៉ាងណាជួយលើកកម្ពស់សុខុមាលភាព កម្រិតជីវភាពរស់នៅរបស់កម្មករ និយោជិតឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ចាប់ពីខែសីហា ឆ្នាំពី២០២៣ តទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានឹងផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ជាមួយនឹងការបង្កើនទឹកប្រាក់ទ្វេដង ទាំងការពិនិត្យផ្ទៃពោះ ការឆ្លងទន្លេ និងពេលពិនិត្យសុខភាពក្រោយសម្រាល ដែលបច្ចុប្បន្ននេះ នៅពេលទៅពិនិត្យផ្ទៃពោះម្តងៗ ទទួលថវិកាបានត្រឹមតែចំនួន ៤ម៉ឺនរៀលប៉ុណ្ណោះ/ម្នាក់ តែចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ ពេលទៅពិនិត្យផ្ទៃពោះម្តងបាន ៨ម៉ឺនរៀល ហើយមុនពេលឆ្លងទន្លេត្រូវទៅពិនិត្យ ៤ដង។ សរុបមក ក្នុងស្ត្រីម្នាក់ដែលចាប់ផ្តើមពីឆ្លងទន្លេរហូតដល់កូនមានអាយុ ២ឆ្នាំ នឹងទទួលបានថវិកាសរុបចំនួន ១លាន ៥២ម៉ឺនរៀល ដែលជាការចំណាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការដាក់ចេញ និងការជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រព័ន្ធគាំពារចំនួន ២ រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនក្រោមអាយុ ២ឆ្នាំ ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ ព្រមទាំងការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ លើសពីនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទទួលបានការដំឡើងប្រាក់បៀវត្សចាប់តាំងពីដើមឆ្នាំ២០២០ កន្លងមកនេះ។ កម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើង បានទទួលប្រាក់ឈ្នួលអប្បបរមាសមរម្យ ហើយនឹងត្រូវបានដំឡើងជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ គឺប្រាក់ឈ្នួលអប្បបរមាបានកើនឡើងរហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបានទទួលពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ និងភាពរីកចម្រើដែលបានរៀបរាប់ខាងលើ គឺសុទ្ធតែកើតចេញពីផ្លែផ្កានៃសន្តិភាព, មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព ជីវភាពរស់នៅសុខសាន្ត លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ។ ផ្ទុយទៅវិញបើគ្មានសន្តិភាពនោះទេ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ដូច្នេះហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នាការពារឱ្យបានរក្សាឱ្យបាននូវសុខសន្តិភាព កុំឱ្យអតីតកាលដ៏ឈឺចាប់នោះវិលមកជាថ្មី ដោយត្រូវទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

នៅកិច្ចបញ្ចប់ តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរនិងស្រុកបាធាយ និង ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

សូមជម្រាបជូនថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនកម្មការនីមានផ្ទៃពោះ ចំនួន ១៩២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, កម្មករ កម្មការនី បុគ្គលិក ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករ សន្តិសុខរោងចក្រ មន្ត្រីរដ្ឋបាលស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំខ្វិតធំ និងក្រុមគ្រូពេទ្យ ចំនួន៥,៥៣១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងកងកម្លាំងទាំង៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ