នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៣:៥៩ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ដោយមានការចូលរួមពី លោក អួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម  លោក ជា វីរៈ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប. លោកនាយកក្រុមហ៊ុន និងប្រតិភូក្រុមហ៊ុនស៊ីភីចំនួន០៦រូប ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនសរុបចំនួន១៧រូប ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សំរិទ្ធ សាកុរា មានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គប្រជុំទាំងមូល ព្រមទាំងបានលើកឡើងពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ (ពីរ) ដើម្បីបង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងបង្កើតកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការពិនិត្យគុណភាពសាច់ជ្រូកបង្កក។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មដូចជាពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ។

ឯកឧត្តមអគ្គនាយក បានបន្តថា យោងតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មនៅតាមខេត្តបណ្តោយភូមិភាគពាយ័ព្យរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនស៊ី.ភី.មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ  ចំនួនប្រមាណ២០០.០០០តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វបានប្រមាណ២៧លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងសហការជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមដានពីការលក់សាច់ជ្រូកបង្កកហួសសុពលភាពនៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ។ លោកក៏បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋាន  ក.ប.ប. នឹងរៀបចំកិច្ចប្រជុំពិសេសដោយឡែកជាមួយក្រុមហ៊ុនស៊ី.ភី. ដើម្បីពិភាក្សាលម្អិតអំពីលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប.។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុនស៊ី.ភី. បានណែនាំពីប្រវត្តិរបស់ CP Group ដែលមានសាខាចំនួន២២ប្រទេស និងមានអាជីវកម្មសំខាន់ៗដូចជាផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់ ម្ហូបអាហារ ។ល។ ក្រុមហ៊ុនបាន ផលិតចំណីសត្វចំនួន៨០ម៉ឺនតោន (ពោត ដំឡូងមី សណ្តែកសៀង កន្ទក់ និងចុងអង្ករ) ក្នុង១ឆ្នាំ ពោត ២១តោនក្នុង១ឆ្នាំ និងដំឡូងមី ១១ តោនក្នុង១ឆ្នាំ។

ទន្ទឹមនឹងនេះ លោក អួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុន ស៊ី.ភី គួរមានការចុះ MOU ជាមួយក្រុមហ៊ុនហ្រ្គីន ត្រេដសម្រាប់ការប្រមូលទិញផលិតផលស្រូវ និងជាមួយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសសម្រាប់ការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងជាមួយអគ្គនាយកដ្ឋានក.ប.បសម្រាប់ការត្រួតពិនិត្យសាច់ជ្រូកបង្កកលក់នៅលើទីផ្សារ។  

នៅកិច្ចបញ្ចប់ ឯកឧត្តមអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានស្នើសុំឱ្យក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍  វិស័យឯកជនសហការជាមួយក្រុមហ៊ុន ស៊ី.ភី. ក្នុងការរៀបចំសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ចំនួន២៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ