ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៣:៣១ នាទី រសៀល
👁 2
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម បានអញ្ជើញចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកានៃសាខាកាកបាទក្រហមកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម ជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុន ចាន់ដា រាយការណ៍ជូនអំពីដំណើរការនៃការសាងសង់អគារនេះ និងបានលើកឡើងថា អគារថ្មីនេះនឹងបន្តដើតួយ៉ាងសំខាន់ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដែលគណៈកម្មាធិការសាខា អាណត្តិទី៥ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតប ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយ ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ លង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទាល់សរុបជិត ១,០០០គ្រួសារ និងដោយប្រយោលរាប់ពាន់គ្រួសារទៀត ដោយប្រកាន់ខ្ជាប់គោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ»។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលជាប្រតិបត្តិករជួរមុខ និងជាកម្លាំងដឹកនាំសកម្មភាពនៅតាមមូលដ្ឋាន បានរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគមជាតិជាដៃគូនានា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយបានជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាករបស់បងប្អូនបានឆាប់រហ័ស ទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីៗដែលមានដូចសព្វថ្ងៃនេះ គឺជាផ្លែផ្កាបានមកពីសុខសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រឹងប្រែងរកបានដោយលំបាក ហេតុនេះពលរដ្ឋទាំងអស់ត្រូវដឹងគុណពីវីរភាពរបស់បងប្អូនអតីតយុទ្ធជន ក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រទ្បប់មកវិញ ព្រមទាំងត្រូវចងចាំថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ» គ្មានសន្តិភាពពិតជាគ្មានការអភិវឌ្ឍឡើយ។
សូមជម្រាបជូនថា៖ អគារស្នាក់ការអនុសាខានេះ សាងសង់ ១ខ្នងផ្ទាល់ដី ទំហំ ៨ម៉ែត្រ គុណ ២៤ម៉ែត្រ មានបន្ទប់ធ្វើការ២ សាលប្រជុំ១ បន្ទប់ទឹកដាច់ដោយឡែក ១ខ្នង ២បន្ទប់ ទំហំ ៤,២ម៉ែត្រ គុណ ៦,៣ម៉ែត្រ ហើយសំណង់ទាំងនេះ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣