ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១២:២៩ នាទី ថ្ងៃត្រង់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ក្រចេះ)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, ឯកឧត្តម សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញា  អមសាលាដំបូងខេត្តក្រចេះ, ឯកឧត្តម ចាន់ សំបូរ ប្រធានសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តក្រចេះ, លោក កែវ សុធារិទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តក្រចេះ, លោកឧត្តមសេនីយ៍ត្រី វ៉ា វាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ តំណាងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តក្រចេះ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរដល់សាខា ក.ប.ប. ខេត្តក្រចេះ និងបានថ្លែងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រុមការងារសាងសង់ ដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោង និងដំណើរការសាងសង់ រហូតដល់ចេញជារូបរាងនូវអគារដ៏ស្រស់ស្អាត ដូចដែលបានឃើញនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ខេត្តក្រចេះ សម្រាប់ប្រើប្រាស់ក្នុងការបម្រើសាវាសាធារណៈ និងបេសកកម្មការពារសុខុមាលភាព ជូនបងប្អូនប្រជាប្រពលរដ្ឋ ឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកបញ្ហាម្ហូបអាហារជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង ១២ ដែលត្រូវយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ, ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌ និងជឿទុកចិត្ត។ ជាក់ស្ដែង ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងរៀបចំឱ្យមានប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់អនុវត្ត ព្រមទាំងបានកសាងនូវរចនាសម្ព័ន្ធរឹង ពិសេសមន្ទីរពិសោធន៍សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រៅពីអគារមន្ទីរពិសោធន៍គោលនៅថ្នាក់កណ្តាល ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានសាងសង់អគារមន្ទីរពិសោធន៍ខ្នាតតូច និងអគាររដ្ឋបាលនៅតាមបណ្តាខេត្តចំនួន ១៦អគារ ដោយក្នុងឆ្នាំ២០២៣ នេះ គម្រោងអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ២បន្ថែមទៀត កំពុងដំណើរការសាងសង់ ហើយនៅឆ្នាំ២០២៣ខាងមុខ ក្រសួងពាណិជ្ជកម្មនឹងលើកគម្រោងស្នើសុំសាងសង់ អគារចំនួន២ បន្ថែមទៀតនៅខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូច មានសមត្ថភាពអាចធ្វើការវិភាគបឋមរកសារធាតុគីមី សំណល់ថ្នាំកសិកម្ម និងមេរោគចម្លងមួយចំនួន ហើយគោលបំណងនៃការរៀបចំឱ្យមានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត គឺដើម្បីបង្ខិតសេវាវិភាគគុណភាពទំនិញឱ្យកាន់តែជិតទីផ្សារជនបទ និងទីប្រជុំជនតាមបណ្តាខេត្ត ងាយស្រួលក្នុងការវិភាគរកផលិតផលដែលមានភាពមិនអនុលោម ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ម៉្យាងវិញទៀត មន្ទីរពិសោធន៍ខ្នាតតូច ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម និងបញ្ជាក់ឡើងវិញនូវលទ្ធផលដែលវិភាគដោយរថយន្តពិសោធន៍ចល័ត ដែលបានដាក់ពង្រាយនៅតាមបណ្តាខេត្តមួយចំនួនមានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានបន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន សម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ពង្រីកពាណិជ្ជកម្មក្នុងស្រុក-ក្រៅស្រុក និងកាត់បន្ថយការនាំចូល ធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌។ លើសពីនេះ ត្រូវខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង ការកសាងបន្ថែមនូវបទប្បញ្ញត្តិនានា និងអភិវឌ្ឍកម្រិតជំនាញបច្ចេកទេសរបស់មន្រ្តី ឱ្យដើរទន្ទឹមគ្នាជាមួយសង្គម និងវិទ្យាសាស្ត្រ ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសនោះ  ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ទាំងអស់ឱ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖

• បន្តកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

• ត្រូវរួមគ្នាថែរក្សាអចលនៈទ្រព្យដែលមានស្រាប់ ធ្វើយ៉ាងណាប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ឱ្យអស់លទ្ធភាព

• បន្តលើកគម្រោងសាងសង់អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូច នៅតាមបណ្តាខេត្ត ដែលពុំទាន់មាន រួមទាំងការបំពាក់ឧបករណ៍វិភាគឱ្យបានគ្រប់គ្រាន់

• ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឱ្យមានការយល់ដឹងស៊ីជម្រៅ ទាំងមូលដ្ឋានបច្ចេកទេស និងមូលដ្ឋានច្បាប់

• ពង្រឹងសមត្ថភាពវិភាគ ដោយរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារការងារឱ្យបានច្បាស់លាស់ និងរៀបចំប្រព័ន្ធតាមដានទិន្នន័យចំពោះផលិតផលដែលមានហានិភ័យ

• បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព  

• បង្កើនសកម្មភាពអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីកំណត់បទល្មើសពាក់ព័ន្ធនឹងច្បាប់ទាំង៤ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើ      ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

• ពង្រឹងសាមគ្គីភាព ជួយគ្នាទៅវិញទៅមក អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ឈរលើមូលដ្ឋានច្បាប់ និងមានតុល្យភាពការងារ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ