សារលិខិតជូនពរ៖ សូមគោរពជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាស​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧១​ឆ្នាំ​ ឈាន​ចូល ​៧២​ឆ្នាំ

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៩:០៧ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្នុងឱកាស​ដ៏ប្រ​សើរ​ប្រពៃថ្លៃថ្លានៃ​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧១​ឆ្នាំ​ ឈាន​ចូល ​៧២​ឆ្នាំ​ របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​នឹងប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែសីហា​ឆ្នាំ២០២៣ ខាងមុខនេះ តាង​នាម​​​ថ្នាក់ដឹកនាំ មន្ត្រី​​រាជការទាំងអស់នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ សូមសម្តែង​​​នូវសេចក្តី​អំណរ​សាទរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត និងសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការគោរពជូន សម្តេច​​តេជោ​​​នាយក​រដ្ឋ​មន្ត្រី​ សូម​មានសុខ​ភាព​ល្អ​បរិបូរណ៍ កាយពល​មាំ​មួន​ បញ្ញាភ្លឺថ្លាឈ្លាស​វៃ​ ជន្មាយុ​យឺន​​យូរ ដើម្បីបន្តបេសកកម្ម ដ៏ថ្លៃថ្លា​ក្នុង​ការ​ដឹកនាំ បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យកាន់តែមានភាពចម្រើនរុងរឿង សម្បូរសប្បាយជានិច្ចនិរន្តរ៍។

ក្រោមការ​ដឹក​នាំ​ប្រ​កប​ដោយ​បញ្ញាញាណឈ្លាសវៃ ប៉ិនប្រសប់ និងគតិ​បណ្ឌិ​តដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​​តេជោ​​​នាយករដ្ឋ​មន្ត្រី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា យើងទទួល​បាន​​នូវ​សុខ​សន្តិ​ភាពពេញលេញ អធិបតេយ្យភាព ឯក​ភាព​​ជាតិ បូរណ​​ភាព​​​​ទឹកដី​ ស្ថិរភាព​នយោបាយ សន្តិសុខ​​​​​សង្គម និងសណ្តាប់​ធ្នាប់​សាធារណៈ ​ការ​អភិវឌ្ឍ និង​​រីក​ចម្រើន​​​​​​ជឿន​លឿន​ឆាប់រហ័សលើ​គ្រប់​វិ​ស័យ តាម​រយៈ​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត និង​គោល​នយោបាយ​​នានា​​របស់​រាជ​រដ្ឋា​ភិ​បាល​​។ ស្នាដៃ​​ដ៏​អស្ចារ្យ​ជាច្រើនរបស់ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​មាន​ការ​គាំទ្រ ​គោរព​ស្រឡាញ់​​ និង​កោត​សរសើរ​​ស្ញប់​ស្ញែងយ៉ាង​ក្រៃលែង ព្រមទាំងកតញ្ញុតាធម៌ និងកតវេទិតាធម៌​យ៉ាង​ស្មោះ​​ស្ម័គ្រ​ជាទីបំផុត។ វីរភាព​ដ៏​អស្ចារ្យ​​របស់ សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី មិនត្រឹម​តែ​រុង​រឿង​ថ្កើងថ្កាន​នៅក្នុង​ប្រទេស​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​​​ទាំង​នៅលើ​ឆាក​​​អន្តរជាតិទៀតផង ដែលធ្វើឱ្យ​ព្រះ​រា​ជា​​​ណា​ចក្រ​កម្ពុជាបន្តទទួល​បាន​នូវ​កិត្យា​នុភាព និង​​ឧត្តមភាព​​ល្បី​រន្ទឺទូទាំង​សកល​លោក​។

ឆ្លៀត​ក្នុង​ឱកាសដ៏មហាប្រសើរ​ថ្លៃថ្លានេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើកហត្ថបួង​សួង​ដល់​គុណ​បុណ្យ​ព្រះ​រតន​​ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ​ទាំង​ឡាយ​ក្នុង​លោក ទេវតាថែរក្សា​ទឹកដីនៃព្រះរាជាណា​ចក្រកម្ពុជា សូមជួយ​ប្រោះ​ព្រំ​​សព្ទ​សាធុការ​​ពរជ័យ បវរសួស្តី សិរីមង្គល វិបុល​សុខមហា​ប្រសើរជូន សម្តេចតេជោ​នាយករដ្ឋមន្ត្រី និង​​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ព្រមទាំង​​បុត្រា បុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមជួប​ប្រទះ​តែសេចក្តី​សុខ សុភមង្គល ព្រមទាំង​សម​ប្រកប​ដោយ​ព្រះពុទ្ធពរ​​ទាំង​បួន​​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មេត្តា​ទទួល​​​​​​​​នូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាព​ដ៏ស្មោះស្ម័គ្របំផុត អំពីយើងខ្ញុំទាំងអស់​គ្នា៕

ព័ត៌មានថ្មីៗ