ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៥:៤១ នាទី ល្ងាច
👁 1
(ភ្នំពេញ)៖ ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសន្ទរកថា អបអរសាទរ ក្នុងឱកាសខួបលើកទី៧៧ នៃពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា នៅសណ្ឋាគារ Hyatt Regency។
ក្នុងឱកាសខួបលើកទី៧៧ នៃពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសឥណ្ឌានេះ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្វាគមន៍ និងអរគុណដល់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោកជំទាវមកពីបណ្តាស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួម ខណៈនោះដែរលោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតបានលើកឡើងពីទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដែលកន្លងមកមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិការអន្តរជាតិនានា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងសន្ទរកថាស្វាគមន៍ និងអបអរសាទរជូនដល់ប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសខួបលើកទី៧៧ នៃពិធីបុណ្យឯករាជ្យជាតិឥណ្ឌា ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរ និងជូនពរដល់ប្រទេសឥណ្ឌាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលG20 នាខែក្រោយ នៅទីក្រុង New Delhi ឱ្យទទួល បានជោគជ័យ និងបានថ្លែងការកោតសសើរនូវទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ដែលបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ដែលចូលរួមចំណែកយ៉ាងសំខាន់រួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការការពារជាតិ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានជួយជាជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣២៥,០០០ដូស ដល់កម្ពុជា កាលពីឆ្នាំ២០២២ ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ពីការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានទំហំពាណិជ្ជកម្មចំនួន ៤៤០ លានដុល្លារ ក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងអបអរសាទរក្នុងឱកាសខួបលើកទី៧៧ នៃពិធីបុណ្យឯករាជ្យជាតិឥណ្ឌា និងជូនពរជូនចំពោះ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាកម្ពុជា ប្រជាជនឥណ្ឌា ថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាក្រសួង/ស្ថាប័ននានា និងឯកឧត្តមលោកជំទាវមកពីបណ្តាស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកចូលរួមទាំងអស់ ឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣