លោក ថុល ណារ៉ា អគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៧:២៩ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ថុល ណារ៉ា អគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីមបាវ៉េ (Republic of Zimbabwe) ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម លោកអគ្គនាយកស្តីទី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលទទួលបានការតែងតាំងថ្មីក្នុងបេសកកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានបង្ហាញពីការជឿជាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុន ជាពិសេសដើម្បីពង្រីកសកម្មភាពធុរកិច្ច និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សម្រាប់អាណត្តិថ្មីរបស់លោកជំទាវឯកអគ្គរដ្ឋទូត។  

លោកអគ្គនាយកស្តីទី ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីមុខទំនិញសក្តានុពលមួយចំនួនដែលកម្ពុជានាំចេញដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្ម(អង្ករ ដំឡូងមី ស្វាយចន្ទី ជីកសិកម្ម)និងផលិតផលដទៃទៀត ដែលក្រុមហ៊ុននាំចូលរបស់ស៊ីមបាវ៉េអាចពិចារណាក្នុងការនាំចូលទៅទីផ្សាររបស់ខ្លួនផងដែរ ហើយ លោកអគ្គនាយកស្តីទី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ប្រទេសទាំងពីរសហការ និងស្វែងយល់ពីសក្តានុពលនៃមុខទំនិញពាណិជ្ជកម្មរៀងៗខ្លួន តាមរយៈការបង្កើតនិងចូលរួមសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចរួមគ្នាគ្រប់ប្រភេទ ដើម្បីអាចបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទំនិញទ្វេភាគី បន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកអគ្គនាយកស្តីទី ក៏បានលើកឡើងអំពីលទ្ធភាពក្នុងការសហការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗនៅកម្ពុជា ជូនធុរជននិងវិនិយោគិនស៊ីមបាវ៉េ ដែលមានចំណាប់អារម្មណ៍ ដើម្បីអាចស្វែងយល់បន្ថែមអំពីប្រភេទឧស្សាហកម្ម និងផលិតផលសក្តានុពលសំខាន់ៗ ព្រមទាំងបរិយាកាសវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងបេសកកម្មការទូតរបស់លោកជំទាវ ចំពោះការលើកទឹកចិត្តដល់ពាណិជ្ជករ ធុរជន និងវិនិយោគិនស៊ីមបាវ៉េ ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មឱ្យបានទូលំទូលាយបន្ថែមទៀត សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល។

ជាកិច្ចបញ្ចប់ លោកអគ្គនាយកស្តីទី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយភាគីស៊ីមបាវ៉េ និងបានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូត។

សូមបញ្ជាក់ផងដែរថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងស៊ីមបាវ៉េ នៅមានកម្រិតតិចតួចនៅឡើយ ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២,០៥ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណជិត ១៣៨,៣៧% ធៀបទៅនឹងឆ្នាំ២០២១។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ