ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៦:៣៣ នាទី ល្ងាច
👁 3
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CAMTECH University) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ (RCEP: PART 1—GEO-POLITICAL, GEO-ECONOMIC AND LEGAL ANALYSIS)» ដោយមានការចូលរួមពី ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយក្នុងការចូលរួមថ្លែងសន្ទរកថាគន្លិះក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់»។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកស្រី SOK Rosette ប្រធាន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកនិពន្ធ និងជាសហអ្នកនិពន្ធសៀវភៅដ៏មានសារៈសំខាន់នេះ ដែលបានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមថ្លែងសន្ទរកថាគន្លិះក្នុងពិធីខាងលើ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាសិប គឺជាប្រធានបទដែល ឯកឧត្តម ស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ាជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។
គួរបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣