ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៧:៤៥ នាទី យប់
👁 1
(ឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Padma ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AEM Meeting and Related Meetings)។ កិច្ចប្រជុំនេះដឹកនាំដោយ
ឯកឧត្តមបណ្ឌិត (H.C.) Zulkifli Hasan, S.E., M.M. រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៣ និងមានការចូលរួមដោយអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូសន្ទនាអាស៊ាន រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត និងគណៈប្រតិភូនៃប្រទេសទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
អង្គប្រជុំបានកត់សម្គាល់ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១)សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីឆ្នាំ២០២៣ (២) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (៣) របាយការណ៍ប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៤) កិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន (៥) យុទ្ធសាស្ត្រអាស៊ានសម្រាប់អព្យាក្រឹតភាពកាបូន (៥) ការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបញ្ហាផ្សេងៗទៀត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានជួបពិភាក្សាពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិ រួមមាន៖
១. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី១៩
២. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១២
៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៣
៤. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង(ប្រទេសចិន) លើកទី៧
៥. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្សី លើកទី១២
៦. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក
៧. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី២០
៨. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី២២
៩. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១១
១០. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៨
១១. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី២៩
១២. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លោកទី២០
១៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២៦
១៤. កិច្ចប្រជុំរដ្ឋមន្ត្រីអាសិប លើកទី២
១៥. កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)
អង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់ ពិភាក្សា ផ្តល់បច្ចុប្បន្នភាព និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម រដ្ឋ សារ៉ាវុធ ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេសជាសមាជិកដៃគូអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ បន្ថែមពីលើនេះទៀត ឯកឧត្តម ក៏បានចូលរួមវេទិកាសំខាន់ៗដែលបានរៀបចំក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ មានជាអាទិ៍ Launching of New ASEAN Tariff Finder, Physical Launching Event of ASEAN Online Sale Day (AOSD), Launching AEM Exhibition: From Diversity to Sustainability, Signing a Memorandum of Understanding (MoU) between the association of Southeast ASIAN nations and the world intellectual property organization on the expansion of cooperation in specific areas and Launching of IP Register ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣