ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៥:៥៤ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ របាយការណ៍ស្តីពី “លទ្ធផលសិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)” ត្រូវបានប្រកាសផ្សព្វផ្សាយដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនេះ មានអ្នកចូលរួមប្រមាណជាង ៨០នាក់ មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវនានា។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union (EAEU)) គឺជាទីផ្សារមួយដ៏ធំគ្របដណ្ដប់ប៉ែកខាងអឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន ៥ ប្រទេសគឺ អាមេនី (Armenia) បេឡារុស (Belarus) កាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និងរុស្ស៊ី (Russia) ដែលមានប្រជាជនសរុបចំនួន ១៧៦ លាននាក់ និងផលិតផលក្នុងស្រុកសរុប ២.៥ ទ្រីលានដុល្លារអាមេរិក(២០១៦)។ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងអាចឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មលើទំនិញ សេវា និងវិនិយោគ។
ការសិក្សានេះបានបង្ហាញពីផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យកម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងពិភពលោក។ ការសិក្សាក៏បានបង្ហាញពីសារៈសំខាន់នៃការបង្កើតច្រកទីផ្សារនាំចេញ (Market Access) និងការអភិវឌ្ឍបន្ថែមទៀតលើការធ្វើពិពិធកម្មឧស្សាហកម្ម និងរចនាសម្ព័ន្ធទីផ្សារ ព្រមទាំងចង្អុលបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងនាំឱ្យមានការរីកចម្រើនក្នុងវិស័យផលិតកម្ម ពង្រីកសេវាកម្ម និងការអភិវឌ្ឍសេវាកម្មថ្មីៗ។ ជាមួយនោះដែរ ការសិក្សាក៏បានបង្ហាញថា ការពង្រីកសេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ត្រូវបានគូសបញ្ជាក់ថាជាវិស័យដ៏សំខាន់ដែលចូលរួមជួយឱ្យមានកំណើនសេដ្ឋកិច្ច។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Cambodia-Eurasian Economic Union FTA-CEFTA) បានបង្ហាញពីកាលានុវត្តភាពឈ្នះ-ឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងជាមួយប្រទេសរុស្ស៊ី។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថានឹងបង្កើនឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុន ជាពិសេសលើវិស័យថាមពល។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េផងដែរ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាមានការកើនឡើង បង្កើនការងារសម្រាប់ប្រជាជន ឈានសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ដើម្បីអាចទាញយករបាយការណ៍នេះ សូមចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)៖ www.eria.org ឬអាចទាញយកដោយផ្ទាល់តាមរយៈ៖ http://www.eria.org/publications/feasibility-study-of-the-free-trade-agreement-between-the-kingdom-of-cambodia-and-the-eurasian-economic-union/
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣