ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone)

ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១:១៦ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម អើនេស្ត ដុមម៉ាហ៊ីណា (Ernest M. Ndomahina) ឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) ប្រចាំប្រទេសចិន ដែលបានមកបំពេញទស្សនកិច្ចសិក្សាលើទីផ្សារកសិកម្មនៅប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ចំពោះទស្សនកិច្ចរបស់ឯកឧត្តមលើកនេះ គឺមានគោលបំណងស្វែងយល់ពីទីផ្សារកសិកម្មរបស់កម្ពុជា ជាពិសេសដើម្បីសិក្សាអំពីការនាំចូលអង្ករពីកម្ពុជាទៅកាន់ប្រទេសស៊ីរ៉ាលីអូន។ ឯកឧត្តមបានជម្រាបជូនដែរថា អង្ករជាអាហារចម្បងរបស់ស៊ីរ៉ាលីអូន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់ប្រទេសស៊ីរ៉ាលីអូនមិនទាន់បានស្ដារបានជាស្ថាពរនៅឡើយ ដូចនេះការនាំចូលអង្ករពីប្រទេសកម្ពុជានឹងពង្រឹងស្ថេរភាពចំណីអាហាររបស់ប្រទេសស៊ីរ៉ាលីអូន។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចនេះ ហើយបានជម្រាបជូនថា ផលិតកម្មស្រូវនៅកម្ពុជាមានចំនួនលើសតម្រូវការប្រមាណ ៤ លានតោនជារៀងរាល់ឆ្នាំ ដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជូនទៅប្រទេសស៊ីរ៉ាលីអូនបាន។ ជាអនុសាសន៍លើការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យសហគមន៍ធុរកិច្ច ឬក្រុមហ៊ុននាំចូលនៃប្រទេសស៊ីរ៉ាលីអូន ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសហគមន៍ធុរកិច្ច ឬក្រុមហ៊ុននាំចេញនៃប្រទេសកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងផ្លូវការ និងបង្កភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្មរវាងគ្នា និងគ្នា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ