ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៥:២១ នាទី ល្ងាច
👁 0
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយលោក តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) ដែលមានសរុបចំនួន ១៧ រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចំរើនឡើង។ តាមរយៈវិភាគទាននេះ ប្រទេសកម្ពុជាបានទទួលបាននូវសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ ដែលជាកត្តាចម្បងដល់ការអភិវឌ្ឍ ធ្វើឲ្យកម្ពុជាទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសទទួលបានចំណូលទាប មកជាប្រទេសទទួលបានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
ដើម្បីជ្រោមជ្រែងធុរកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់មួយចំនួន ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍កំណែទម្រង់ ១២ ចំណុចធំៗ នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ នៅក្នុងខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ការកំណែទម្រង់ទាំងនោះ គឺដើម្បីធានាឲ្យកម្ពុជាជាទិសដៅវិនិយោគមួយដ៏មានការទាក់ទាញ ក៏ដូចជាពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។
ទាក់ទងនឹងទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយចំពោះការវិនិយោគដោយក្រុមហ៊ុនជប៉ុន ដែលជាវិនិយោគិនឈានមុខគេមួយនៅកម្ពុជា។ ការវិនិយោគប្រកបដោយគុណភាពដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ បានរួមចំណែកជាមួយនឹងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ក្នុងវិស័យដូចជាការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ និងធនាគារ ក្នុងការបង្កើតការងារថ្មីៗ បរិយាកាសការងារល្អ និងជំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃតំបន់ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែមទៀតលើវិស័យកែច្នៃម្ហូបអាហារ និងកសិផល អេកូទេសចរណ៍ កម្មន្តសាលដែលមានតម្លៃខ្ពស់ អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងអាចនាំមកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក តាកាហាឈី ហ្វូមីអាគី បានជម្រាបជូនថាក្នុងដំណើរទស្សនកិច្ចលើកនេះ លោកបាននាំមកនូវក្រុមហ៊ុនជប៉ុនមួយចំនួន ដោយក្រុមហ៊ុនខ្លះមានអាជីវកម្មស្រាប់នៅក្នុងស្រុក ហើយខ្លះទៀតគឺក្រុមហ៊ុនថ្មី។ លោកបានឲ្យដឹងបន្ថែមទៀតដែរថា សមាគមជប៉ុន-កម្ពុជានឹងបន្តផ្សព្វផ្សាយពីកម្ពុជាទៅកាន់សមាជិកបន្ថែមទៀត ឲ្យយល់រឹតតែច្បាស់អំពីកម្ពុជា និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា។
ក្រៅពីនេះ ក្រុមហ៊ុនជប៉ុនមួយចំនួនដែលមានវត្តមានក្នុងកិច្ចប្រជុំ បានជម្រាបជូនអំពីគម្រោងការក្នុងការវិនិយោគនៅកម្ពុជា ដូចជាក្នុងវិស័យថាមពល សូត្រមាស និងគ្រឿងសម្អាងធ្វើពីដង្កូវនាង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជូនដល់សមាគមជប៉ុន-កម្ពុជាឲ្យចាំទុកក្នុងចិត្តថា ការវិនិយោគនៅប្រទេសកម្ពុជា គឺមិនមែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនៅពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣