ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ទី

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៥:៥៣ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាសភាពពីគ្រប់ផ្នែកពាក់ព័ន្ធ ចុះទស្សនកិច្ច និងត្រួតពិនិត្យ រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ទី នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមាន លោក LU Song ជាប្រធានរោងចក្រ ជាអ្នកទទួលស្វាគមន៍ផ្ទាល់នៅរោងចក្រ។

ក្នុងដំណើរទស្សនកិច្ចនេះ មានគោលបំណងពិនិត្យមើលស្ថានភាពផលិតកម្មរបស់រោងចក្រ និងការពង្រីករោងចក្រមួយទៀតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងផ្តល់នូវការគាំទ្រ សម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ខាងភាគីរោងចក្របានបង្ហាញនៅបញ្ហាប្រឈមមួយចំនួន ដូចជា ការខ្វះវត្ថុធាតុដើម ការប្រមូលទិញផ្លែស្វាយមិនឈ្នះឈ្មួញខាងក្រៅ និងពុំទាន់មានការសម្របសម្រួលពីភាគីពាក់ព័ន្ធឲ្យបានរលូនល្អ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ាង ថៃ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចជា៖

-ស្នើឲ្យមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ជួយសម្រួលជូនក្រុមហ៊ុនឲ្យជួបពិភាក្សាជាមួយសមាគមស្វាយ និងប្រជាកសិករ ជុំវិញការលក់ផ្លែស្វាយជូនក្រុមហ៊ុន។

-ជួយសម្រួលជូនក្រុមហ៊ុនឲ្យចូលរួមក្នុងវេទិកានៅតាមមូលដ្ឋាន ដើម្បីមានឱកាសផ្សព្វផ្សាយ និងប្រកាសពីផែនការប្រមូលទិញផ្លែស្វាយ ឲ្យប្រជាកសិករបានដឹងជាមុន។

-ស្នើឲ្យក្រុមហ៊ុនធ្វើ Contract Farming ជាមួយសមាគម ឬកសិករ

-ស្នើឲ្យក្រុមហ៊ុនពង្រីកទីតាំងផលិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មួយកន្លែងទៀតដោយនៅទីនោះសំបូរផលិតផលស្វាយ

-ក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជូនក្រុមហ៊ុនក្នុងការបែបបទចុះបញ្ជី និងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ

-ក្រសួងជួយសម្របសម្រួលក្នុងការជួលឃ្លាំងក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងខេត្តកំពង់ចាម ធ្វើជាទីតាំងប្រមូលទិញផ្លែស្វាយស្រស់ក្នុងខេត្តកំពង់ចាម និងកំពង់ធំ ហើយអាចកែច្នៃពាក់កណ្តាលសម្រេចរួចបញ្ជូនមកកាន់រោងចក្រក្នុងខេត្តកណ្តាល ដើម្បីផលិតជាផលិតផលសម្រេច។

លោក LU Song បានសម្តែងអំណរគុណ ចំពោះ ឯកឧត្តម ស៊ាង ថៃ និងក្រុមការងារ ដែលបានផ្តល់កិត្តិយសអញ្ជើញមក​ទស្សនកិច្ចនៅរោងចក្រផ្ទាល់ ហើយក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅដល់​រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងសម្របសម្រួលវិនិយោគិន ដែលមកបណ្តាក់ទុននៅកម្ពុជា។

សូមជម្រាបផងដែរថា​ បន្ចុប្បន្ននេះ រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ទី មាន ២កន្លែង គឺនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ហើយម្ចាស់រោងចក្រ មានគោលបំណង និងពិនិត្យលទ្ធភាពក្នុងការពង្រីកអាជីវកម្មបន្ថែមនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ