ឯកឧត្តម​ ឈួន​ ដារ៉ា​ រដ្ឋ​លេខាធិការ​​ អញ្ជើញចូល​រួម​បើក​ជំនួបពាណិជ្ជកម្ម​ ដើម្បី​ពង្រីក​ការ​ចាប់​ដៃ​គូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:៤៤ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជ​ធានី​ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ឯកឧត្តម​ ឈួន​ ដារ៉ា​ រដ្ឋ​លេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ចូល​រួម​បើក​ ជំនួប​ពាណិជ្ជកម្ម (Business Matching)​​ដែលមាន​​ការ​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​​ ​​បាន​អញ្ជើញ​​ពាណិជ្ជករប្រទេស​​ចិន​នៃ​ខេត្ត​គួង​​ស៊ី​​ (៥៧​ក្រុម​ហ៊ុន​) ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូ​នេស៊ី​ ចូល​រួម​ក្នុង​​កម្ម​វិធី​នេះ​។ គោល​បំណងនៃ​កិច្ច​ជំនួប​នេះ​ ដើម្បី​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពីការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​​​កម្ពុជា ចែក​ជូន​ដល់​​​អ្នក​ចូល​រួម​ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​​​​​​កម្ពុជា​​ ដោយ​មាន​អ្នក​ចូល​រួម​សរុបប្រមាណ​ជាង​​ ១៤៨នាក់​​។

នា​ឱកាស​បើក​កិច្ច​ជំនួប​នេះ​ ឯក​ឧត្តម​រដ្ឋ​លេខា​ធិកា​រ បាន​ឡើង​ថ្លែង​សុន្ទរកថា ដើម្បី​ចែក​ជូន​ដល់​វិនិយោគិន​ និង​ធុរជន​ អំពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​កម្ពុជា​  ដែលមានអត្រា​កំណើន​​សេដ្ឋ​កិច្ច​ ៧,៧ភាគ​រយ​ យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ (World Bank) ដោយ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​តំបន់​អាស៊ាន​ បាន​ផ្តល់​នូវអ​ត្ថ​ប្រយោជន៍​ជូន​ដល់​អ្នក​វិនិយោគ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​នាំចេញ-នាំ​ចូល​​។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ និង​ខិត​ខំ​ប្រឹងប្រែង​ផ្តល់​ឱកាសដល់​​វិនិយោគគិន​​នៅ​កម្ពុជា លើការ​លើក​លែង​ពន្ធ​ និង​ពន្ធ​បង់​នូវ​កម្រិត​ទាប​សម្រាប់​​នាំចេញ​-នាំ​ចូល​ផលិត​ផលទៅ​កាន់​ប្រទេស​មួយចំនួន​ដូច​ជា​ សហភាព​អ៊ឺរ៉ុប​ ជប៉ុន​ កូរ៉េ​ កាណាដា និង​អាមេរិក​ជាដើម​។ កម្ពុជា​បាន​សម្រួល​ជូន​ពាណិជ្ជករ​បរទេស​នូវ​ការ​វិនិយោគ សម្រាប់​ការ​លើក​លែង​ពន្ធ​ចំនួន​ពី​១-៩ឆ្នាំ​ ការ​អនុគ្រោះ​ពន្ធលើ​ការបង់​ពន្ធ​អប្បបរិមា​​ ពន្ធ​លើ​ប្រាក់​ចំនេញ​មិន​លើស​ពី​២០% អ្នក​វិនិយោគ​អាច​បង្វិល​ទុន​មាន​ភាព​ងាយ​ស្រួល​ និង​មាន​ដើមទុន​របស់​ខ្លួន​១០០%

ឯក​ឧត្តម​ក៏​បាន​បន្ថែម​ទៀត​ថា កម្ពុជាជាទិស​ដៅ​សម្រាប់​ពាណិជ្ជករ​មក​វិនិយោគ​ ក្នុង​ការនាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ដែល​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ច្រើន​ ដោយ​កម្ពុជា​បាន​ចូល​រួម​ចរចា​ក្នុង​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់ នៅ​ឆ្នាំ​២០១២ ជាមួយ​នឹង​អាស៊ាន​បូក​ប្រទេស​ទាំង​០៦ និង​​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)

ឯកឧត្តម​ សង្ឃឹម​ថា ការ​រៀប​ចំ​ឱ្យ​មាន​កិច្ច​ជំនួប​នា​ថ្ងៃនេះ នឹង​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​កម្ពុជា​ បាន​ជួប​ជាមួយ​ពាណិជ្ជករ​ចិន​ ថៃ​ និង​ឥណ្ឌូ​នេស៊ី​ ដើម្បី​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ ព្រម​ទាំង​​ពង្រឹង​នូវ​ខ្សែសង្វាក់​ផលិត​កម្ម​ ការ​ចាប់​ដៃ​គូ​រក​ស៊ី​ និង​នាំចេញ​-នាំ​ចូល​រវាង​គ្នា​ឱ្យ​កាន់​តែ​ច្រើន​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ខ្លា​បន្ថែម​ទៀត​។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ