រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:២៩ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះនាពេលកន្លងមក ដើម្បីនាំយកសមិទ្ធផលថ្មីៗលើវិស័យពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍ និងបែងចែកកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌។

ការប្តេជ្ញារបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។

«ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

បន្ថែមលើនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរអង្គពិធី ផ្តោតការពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន មានដូចជា៖ ការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកល, ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវដ្តន៍ឧស្សាហកម្មទី៤, ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច, ការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម, ការពង្រឹងសហការជាមួយវិស័យឯកជនដើម្បីធានាចីរភាពកំណើន និងការបន្តកែលម្អពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង សំដៅជំរុញការនាំចេញកសិផលឱ្យបានអតិបរមា។

សូមជម្រាបថា តាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះ បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀល។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ