ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:១៧ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប(EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប រួមមាន៖ ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(CO)។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ក្រោមអធិបតីភាព ឯកឧត្តម ពេជ ឫទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង ២០០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ពេជ ឫទ្ធី បានជម្រាបជូនថា សិក្ខាសាលានេះមានគោលបំណងជូនដំណឹងនិងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបឱ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ(REX)នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។ ឯកឧត្តម ពេជ ឫទ្ធី បានបន្តទៀតថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU អនុវត្តប្រព័ន្ធនេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយនឹងមានលទ្ធភាពអាចពន្យាពេលដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំពោះក្រុមហ៊ុនដែលពុំទាន់បានចុះបញ្ជី REX រួចរាល់។ ក្នុងសិក្ខាសាលានេះ វាគ្មិនបានពន្យល់យ៉ាងច្បាស់លាស់អំពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ” និង ”ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ(REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប(EU)”។
ចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ(REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាសនិងអ្នកនាំចេញដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះមុនកាលបរិច្ឆេទកំណត់នឹងត្រូវប្រឈមមុខនឹងការទទួលភាពអនុគ្រោះ ដោយត្រូវជាប់កាតព្វកិច្ចបង់ពន្ធ(ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។
បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នាដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះជំនួសឱ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (CO Form A)។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣