ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន អញ្ជើញចូលរួមពិធីផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់ ក្នុងដំណាក់កាលទី៣ និងពិសាអាហារសាមគ្គី នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ម៉ោង ០៥:៤៦ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអញ្ជើញចូលរួមពិធីផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់ ក្នុងដំណាក់កាលទី៣ និងពិសាអាហារសាមគ្គី នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០។

ក្រោយពីការប្រកួតបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់កិត្តិយសផ្ដល់មេដាយ និងអាវពណ៌សជូនកីឡាករសញ្ជាតិហ្វីលីពីនដែលជាកីឡាករវ័យក្មេងល្អជាងគេ និងអាវពណ៌ក្រហមជូនកីឡាករសញ្ជាតិហុងហុងដែលជាកីឡាករឡើងភ្នំល្អជាងគេ នៃព្រឹត្តិការណ៍ប្រណាំងទាំងមូល។

នៅយប់ថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជូនចំពោះកីឡាករ និងគណៈកម្មការរៀបចំកម្មវិធីទាំងអស់។ ថ្លែងនាវេលានោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបថាព្រឹត្តិការណ៍ប្រណាំងកង់នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាគំនិតផ្ដួចផ្ដើមមួយថ្មីសម្រាប់លើកកម្ពស់វិស័យកីឡាប្រណាំងកង់នៅកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមផងដែរ។ ព្រឹត្តិការណ៍ប្រណាំងបែបនេះ ជាក្តីស្រមៃរបស់សហព័ន្ធ ដែលតែងតែចង់ឃើញ និងចង់បង្កើតឲ្យមានការប្រកួតកីឡាប្រណាំងកង់កម្រិតពិភពលោកកម្រិតអាជីពនៅកម្ពុជា ដើម្បីឲ្យសហព័ន្ធខ្មែរកីឡាទោចក្រយានទទួលបាននូវចំណេះដឹង បទពិសោធន៍ បច្ចេកទេសជំនាញ តាមរយៈការរៀនសូត្រផ្ទាល់ អនុវត្តផ្ទាល់ ធ្វើផ្ទាល់ និងឃើញផ្ទាល់ ក្នុងគោលដៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។

ចំពោះការចូលរួមរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តបន្ថែមថា ទោះបីកីឡាករកម្ពុជាមិនទាន់បង្ហាញគុណផលកីឡាក្នុងការប្រណាំងបានល្អនាពេលនេះក្ដី ប៉ុន្តែបានបង្ហាញការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងគួរឲ្យកោតសរសើរ ហើយឲ្យកីឡាករកម្ពុជា ខិតខំហាត់ហ្វឹកហ្វឺនបន្ថែមទៀត និងត្រៀមចូលរួមប្រកួតកម្រិតពិភពលោកនេះនាឆ្នាំក្រោយៗទៀត រហូតដល់មានសមត្ថភាពបច្ចេកទេសខ្ពស់ អាចប្រកួតប្រជែង និងទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់កម្រិតពិភពលោក កម្រិតតំបន់ ជាពិសេសក្នុងពេលប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសស្នងការប្រកួត ដល់សមាជិកសហព័ន្ធខ្មែរកីឡាទោចក្រយាន និងបានផ្តល់សិទ្ធិឲ្យកីឡាករជម្រើសជាតិ កម្ពុជាបានចូលរួមប្រកួតចំនួន ០៣ ក្រុម ដើម្បីចាប់យកបទពិសោធន៍បច្ចេកទេសប្រណាំងកម្រិតពិភពលោកថ្មីៗ និងជាឱកាសបានប្រកួតប្រជែងជាមួយក្រុមអាជីពខ្លាំងៗ ដែលមកពី ១៦ ប្រទេស ចូលរួមនាពេលនេះ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ