ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ម៉ោង ០៣:៣៩ នាទី រសៀល
👁 0
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតី ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ដោយមានការចូលរួមពី ឯកឧត្តម លោក អគ្គនាយករង លោក លោកស្រី អនុប្រធានសាខា អនុប្រធានការិយាល័យ និងមន្រ្តី សរុបចំនួន ១៥០នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចកាំកុងត្រូលរួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើនដើម្បីពង្រឹងការងារក៏ដូចជាអង្គភាពទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង ជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាល បានធ្វើបទបង្ហាញលម្អិតលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ តាមជំពូក និងមាត្រានីមួយៗ ដោយលើកឧទាហរណ៍ជាក់ស្ដែងដែលធ្លាប់បានជួបប្រទះកន្លងមក យកមកបង្ហាញដើម្បីសិក្ខាកាមទាំងអស់បានយល់ឱ្យកាន់តែច្បាស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ផាន អូន អគ្គនាយករង បានមានប្រសាសន៍ថា សូមឱ្យមន្រ្តីកាំកុងត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើងដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្ដីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ ដើម្បីឱ្យការងាររបស់អង្គភាពទទួលបានលទ្ធផលល្អ ។
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣