ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម៉ោង ០៧:២៦ នាទី យប់
👁 0
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)ដែលទើបតែនឹងសាងសង់រួច។
ថ្លែងក្នុងពិធីសម្ពោធនាពេលនោះឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីកសាខាជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៥ហើយកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២០ ក្រុមហ៊ុនបានសម្ពោធអគារស្នាក់ការកណ្តាលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ការវិវឌ្ឍន៍និងរីកចម្រើនរបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាវិស័យឯកជនទូទៅបានឆ្លុះបញ្ជាំងជាក់ស្ដែងពីការអនុវត្តគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលហើយតាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលធំៗយ៉ាងច្រើនគួរជាទីមោទនៈដូចជា៖
- សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។
- ដំណើរការកែទម្រង់ដ៏ស៊ីជម្រៅនិងទូលំទូលាយ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
- សម្រេចបានកំណើនខ្ពស់ប្រមាណ ៧%ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាពនិងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
- កំណើននៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ប្រមាណពី ១.៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាពេលបច្ចុប្បន្នហើយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថាសន្តិភាពគឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស។គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយផ្ដើមចេញពីនោះ តម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាក៏មានការកើនឡើង រាប់ទាំងតម្រូវការប្រើប្រាស់យានយន្តជាមធ្យោបាយធ្វើដំណើរ។ដូច្នេះសូមអរគុណសន្តិភាព និងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ លើសពីនោះ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ JETRO ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរកម្ពុជា-ជប៉ុន សំដៅ៖ ១) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និង ២) លើកកម្ពស់បរិយាកាសវិនិយោគដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឲ្យធ្វើអាជីវកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួនមានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និងបរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ១ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបាននាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជា យានយន្តគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប៉្លាស្ទិច ជាដើម មានទំហំទឹកប្រាក់ប្រមាណ៥០៩ លានដុល្លារអាមេរិក។
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុនគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិកផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេសកសិឧស្សាហកម្មការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣