ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបតែងតាំងថ្មី
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ម៉ោង ០៩:២៨ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបបានតែងតាំងថ្មី។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីយ៉ាងរាក់ទាក់ និង អបអរសាទរចំពោះការតែងតាំងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញអំពីឆន្ទៈដ៏មោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគជូនដល់ពាណិជ្ជករ និងវិនិយោគិន តាមរយៈកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃចំណាយផ្សេងៗជាដើម។ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតទៅលើការធ្វើពិពិធកម្មទីផ្សារ ដើម្បីធ្វើសមារណកម្មចូលទៅក្នុងទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ហាញពីការស្វាគមន៍ ការវិនិយោគពីប្រទេសអាល្លឺម៉ង់ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីអាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រ និងជំនួយនានា មកដល់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូត សម្រេចជោគជ័យគ្រប់ភារកិច្ច។