ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​ជា​មួយ​លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ម៉ោង ០៦:១៩ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ខាមែន ម៉ូរ៉េណូ (Carmen Moreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា ទើបបានតែងតាំងថ្មី។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប យ៉ាងរាក់ទាក់ និងអបអរសាទរចំពោះការតែងតាំងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់នានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏មានស្ថានបេសកកម្មអចិន្រ្តៃយ៍​ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មកម្ពុជា។

សហភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការផ្តល់ជំនួយនានា ក្នុងវិស័យពាណិជ្ជកម្ម និងអប់រំ និងការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ ដែលបានបង្កើតឱកាសការងារជាច្រើន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

ជាកិច្ចឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីភាពរីកចម្រើន និងសក្តានុពលរបស់ប្រទេសកម្ពុជានិងធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រនិងជំនួយនានា ដូចជា គម្រោងគាំទ្រសមារណកម្មអាស៊ាន (ArisePlus) និងជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ប្តេជ្ញាថានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដែលមានកន្លងមក រវាងកម្ពុជានិងសហភាពអឺរ៉ុប និងរួមគ្នាពង្រឹងវិស័យដ៏ទៃទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ