ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១១:០០ នាទី ថ្ងៃត្រង់
👁 5
(បាងកក, ថៃ)៖ កាលពីថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Wang Shouwen អនុរដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
ការពិភាក្សានេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានស្នើភាគីចិនពិនិត្យលទ្ធភាពនាំចូលបន្ថែមទៀតលើកសិផលកម្ពុជា ដូចជា អង្ករ ស្វាយ ចេក មៀន ដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗមួយចំនួនទៀត។ ជាការឆ្លើយតប ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន និងបានប្តេជ្ញាបន្តជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ដោយឡែក នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ (7th ASEAN-US Summit) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរជូនឯកឧត្តម W. Patrick Murphy ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និង
ប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ៣,៤៣៨ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣,០៥១ លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន ៣៨៧ លានដុល្លារអាមេរិក។
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣