ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ០៧:០៦ នាទី យប់
👁 0
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី“អត្ថប្រយោជន៍ពីខ្សែសង្វាក់តម្លៃតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមកម្រិតមីក្រូ (Benefiting from Value Chains through MSME Linkages)” ដោយសិក្ខាសាលានេះសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្មនិងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនក្នុងគោលបំណងជួយរួមចំណែក គាំទ្រកម្មវិធីពង្រីកពង្រឹងធនធានមនុស្ស ដែលជាយន្តការបម្រើដល់យុទ្ធសាស្ត្រជំរុញការនាំចេញរបស់អាស៊ានជាពិសេសសម្រាប់កម្ពុជាដោយផ្តោតសំខាន់ផ្តល់នូវចំណេះដឹង និងពង្រឹងសមត្ថភាពជូនសហគ្រាសធុនតូចនិងមធ្យមកម្រិតមីក្រូនៅកម្ពុជាពីរបៀបត្រៀមរៀបចំខ្សែសង្វាក់តម្លៃរបស់ខ្លួនឱ្យស្របតាមស្តង់ដារក្រុមហ៊ុនជប៉ុនក៏ដូចជាក្រុមហ៊ុនដែលមានកម្រិតស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតនៅលើពិភពលោក។
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឡើងថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយមានសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម Masatake Fujita អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំង សមាជិកនៃប្រតិភូទាំងអស់ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលានេះឡើង ដោយមានការចូលរួមពីវាគ្មិនជំនាញចែកជូននូវបទបង្ហាញដ៏មានសារៈប្រយោជន៍ដល់សិក្ខាកាមទាំងអស់ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០ដោយមានសិក្ខាកាមសរុបជាង ១២៨នាក់ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីការអភិវឌ្ឍនៃប្រទេសកម្ពុជា ដែលលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោកដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។ ប្រទេសកម្ពុជា មានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង ១,៥៨៨លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្តានុពលមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែអ៊ីសូឡង់និងបរិក្ខាអគ្គីសនី។ល។
ឯកឧត្តមក៏បានបន្ថែមទៀតថា ផ្អែកតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៣៧គម្រោង ក្នុងទុន វិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនីនិងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្មការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ ក្រុមហ៊ុនដែលមានសកម្មភាពក្នុងវិស័យដូចជា៖ វិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣